(ភ្នំពេញ)៖ ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ជួបគ្នារកដំណោះស្រាយជំរុញការអភិរក្សសត្វត្មាត ខណៈសត្វស្លាបប្រភេទនេះ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមនៃអង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ(IUCN) គ្រាដែលពួកវាមានតួនាទីជាអ្នកសម្អាតបរិស្ថាន និងត្រូវចាត់ទុកជាសត្វ មានតម្លៃសម្រាប់វិស័យទេសចរណ៍ធម្មជាតិ។

នេះជាជំនួបសន្ទនាលើកដំបូងសម្រាប់កម្ពុជា ដែលធ្វើឡើងចាប់ពីថ្ងៃទី១៩-២១ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាតដូចជា កម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ក៏មានអ្នកជំនាញមកពីប្រទេសថៃ ដែលត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថា កិច្ចប្រជុំនេះ គឺជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកជំនាញឆ្លុះបញ្ចាំងពីវឌ្ឍនភាព បញ្ហាប្រឈម និងយុទ្ធសាស្រ្តដែលត្រូវការ ដើម្បីធានាបាននូវ អនាគតដ៏មានសុវត្ថិភាព សម្រាប់សត្វត្មាតដែលជិតផុតពូជ។កម្ពុជា គឺជាក្តីសង្ឃឹមចុងក្រោយ សម្រាប់ ប្រភេទសត្វត្មាតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈចំនួនបានធ្លាក់ចុះពាក់កណ្តាល ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ ដែលក្រសួងបរិស្ថាន និងក្រុមការងារសត្វត្មាតកម្ពុជា បានធ្វើការក្នុងភាពជាដៃគូជិតស្និទ្ធ ដើម្បីការពារសត្វត្មាតរស់នៅទាំងបី ប្រភេទរបស់កម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នា យើងបានអនុវត្តកម្មវិធីជាច្រើននៅ ទូទាំងតំបន់ការពារជាច្រើន ដើម្បីដោះស្រាយការគំរាមកំហែងសំខាន់ៗ តាមដានចំនួនប្រជាសាស្ត្រ និង ធានាការរស់រានមានជីវិតរយៈពេលវែងរបស់ពួកវា។ ទោះជាយ៉ាងនេះក្តី សត្វត្មាតនៅក្នុងប្រទេសកម្ពុជា ដូចជាប្រទេសដទៃទៀតនៅតែប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំង ដោយទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំង និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត»។

តាមការលើកឡើងរបស់អ្នកជំនាញអភិរក្ស បានលើកឡើងថា សត្វត្មាត រងការគំរាមកំហែងដូចជា៖ ការពុល កង្វះចំណីអាហារ ការបាត់បង់ជម្រក និងសកម្មភាព រំខានដោយមនុស្ស ដែលការណ៍នេះ ធ្វើឱ្យចំនួនរបស់ពួកវាមានការថយចុះគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។

បើតាមលោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសឥណ្ឌូចិន ដែលនៅមានសត្វត្មាតជិតផុតពូជចំនួនបីប្រភេទ គឺត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត។ ប៉ុន្តែសត្វត្មាតទាំងនេះ ក៏ប្រឈមមុខនឹងការគំរាមកំហែងសំខាន់ៗជាច្រើនរួមមាន ការបាត់បង់ទីជម្រក ការពុល ថ្នាំពេទ្យសត្វ កង្វះអាហារ។

លោកបានបញ្ជាក់ថា «ជាមួយនឹងការខិតខំប្រឹងប្រែង របស់ក្រុមការងារ យើងអាចបញ្ជាក់បានថា ចំនួនប្រជាសាស្ត្រសត្វត្មាតនៅកម្ពុជាស្ថិតក្នុងស្ថានភាពថេរ ដោយតាមទិន្នន័យជំរឿនចុងក្រោយនេះ ចំនួនរបស់ពួកវាទាំងបីប្រភេទមានប្រហែល១៣០ក្បាល។

លោក ប៊ូ វរសក្ស បានគូសបញ្ជាក់ថា៖ «កិច្ចប្រជុំប្រចាំឆ្នាំនេះ គឺជាឱកាសមួយដើម្បីជំរុញសកម្មភាពរួម ដើម្បីដោះស្រាយការគំរាម កំហែង ដូចជា ចំណីពុលដល់សត្វត្មាត។ ពួកយើងនឹងមានឱកាសបង្ហាញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វត្មាតរបស់ប្រទេសកម្ពុជា ក្នុងអំឡុងពេល ទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃសៀមប៉ាង។ នៅទីនោះ គណៈប្រតិភូនឹងរៀនអំពីសារៈសំខាន់នៃ ភោជនីយដ្ឋានសត្វត្មាត និងលទ្ធផលនៃវេទិកាសំបុកសិប្បនិម្មិត។ ដូច្នេះខ្ញុំសង្ឃឹមថា បទពិសោធន៍នេះនឹង ជំរុញការយល់ដឹងកាន់តែស៊ីជម្រៅអំពីការងាររបស់យើង និងបំផុសគំនិតថ្មីៗសម្រាប់កិច្ចសហការ»។

សម្រាប់លោកស្រី Jemima Parry-Jones ប្រធានសមាគមនៃអង្គការមកពីប្រទេសចំនួនប្រាំមួយសម្រាប់ ការ សង្គ្រោះសត្វត្មាតអាស៊ីពីការផុតពូជ (SAVE) បានអំពាវនាវឱ្យមានការចូលរួមអភិរក្ស និងការពារសត្វត្មាត ដោយសារវាជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ។

លោកស្រីបានថ្លែងថា ការការពារ និងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាល សម្រាប់កម្ពុជា និងពិភពលោកទាំងមូល ព្រមទាំងជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញ ភ្ញៀវទេសចរ។

យោងតាមឯកសារ បានបញ្ជាក់ថា សត្វត្មាត ដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថាន ដោយសារវា បានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជា ភ្នាក់ងារសម្អាត បរិស្ថាន។ ប៉ុន្តែ ពួកវាកំពុងមានគ្រោះថ្នាក់ដោយការប្រើប្រាស់ថ្នាំពុលដែលមានសារធាតុ carbofuran អាចធ្វើឱ្យអន្តរាយដល់សត្វត្មាត។

បច្ចុប្បន្ន ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានបង្កើតឡើងដោយរួមមាន អង្គការមិនមែនរដ្ឋាភិបាល រាជរដ្ឋាភិបាល និងវិទ្យាស្ថានអប់រំជាន់ខ្ពស់ ក្នុងគោលបំណង ទប់ស្កាត់ការផុតពូជរបស់សត្វត្មាត នៅកម្ពុជា៕