(ព្រះវិហារ)៖ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងជាអនុប្រធានក្រុមការងារខេត្តចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានសហការជាមួយ កាកបាទក្រហមកម្ពុជាស្រុក ដោយមានការចូលរួមពីលោកមេឃុំ និងសមាជិកក្រុមប្រឹក្សាឃុំគូលែនត្បូង មេភូមិគូលែនត្បូង បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនអ៊ុំស្រីឆាំ ធាវ អាយុ៦៩ឆ្នាំ រស់នៅភូមិស្រែពោធិ៍ ឃុំគូលែនត្បូង ស្រុកគូលែន  ខេត្តព្រះវិហារ ដែលរងគ្រោះដោយអគ្គិភ័យ។

នៅក្នុងឱកាសនោះ លោកស្រី ហែម សុគុណពិសី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

លោកស្រី ហែម សុគុណពិសី បានចូលរួមសោកស្តាយជាមួយអ៊ុំស្រី ដែលជួបនូវគ្រោះអគ្គីភ័យបណ្តាលឱ្យភ្លើងឆេះផ្ទះ ក៏ដូចជាសម្ភារជាច្រើនផ្សេងទៀត។ លោកស្រី បានថ្លែងលើកទឹកចិត្តដល់អ៊ុំស្រីសូមកុំមានការអស់សង្ឃឹម ក្នុងជីវិត ដោយពេលនេះក្រុមការងារចុះជួយឃុំគូលែនត្បូង និងកាកបាទក្រហមកម្ពុជា ព្រមទាំងសប្បុរសជនមួយចំនួនទៀត បាននាំអំណោយយកមកផ្តល់ជូនផងដែររួមមាន៖

* អំណោយកាកបាទក្រហមកម្ពុជាមាន៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ ១យួរ តង់១ មុង១ ក្រម៉ា១ ភួយ១ សារ៉ុង១
* អំណោយក្រុមការងារចុះមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន រួមមាន៖ភួយ២ អាវយឺត១ ត្រីខ១ឡូ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូ ទឹកសុទ្ធវីតាល់១កេស កាបូប១រួមនិងសម្ភារ:សិក្សានិងថវិការចំនួន ៨២០.០០០រៀល។

នៅចំពោះមុខលោកស្រី ហែម សុគុណពិសី និងក្រុមការងារ អ៊ុំស្រីវ័យចំណាស់ បានថ្លែងរៀបរាប់ប្រាប់អំពីបញ្ហាទុក្ខកង្វល់ក្នុងចិត្តរបស់គាត់ ដោយសារតែផ្ទះដែលឆេះនេះ ជាផ្ទះរបស់កូនគាត់ដែលកំពុងធ្វើការនៅឯប្រទេសថៃ ណាមួយគាត់ខ្លាចកូនត្រឡប់មកវិញបន្ទោសស្តីឱ្យគាត់ អ៊ុំស្រីក៏បានលើកម្រាមដៃ១០សំពះអង្វរដល់លោកស្រី និងក្រុមការងារ ជួយសាងសង់ផ្ទះជូនគាត់វិញផង ដែលពាក្យសំដីរបស់អ៊ុំស្រីបានធ្វើឱ្យក្រុមការងាររំជួលចិត្ត និងសន្យាខិតខំរកដំណោះស្រាយសាងសង់ផ្ទះជូនគាត់វិញ។ ជាមួយគ្នានេះក៏សូមអំពាវនាវដល់សប្បុរសជនជិត ឆ្ងាយ ជួយអ៊ុំស្រីផង ដើម្បីឱ្យគាត់មានផ្ទះរស់នៅវិញផង៕