(ភ្នំពេញ)៖ បេសកកម្មលើកទី៧ ដែលដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបិទបញ្ចប់ដោយជោគជ័យនៅក្នុងបេសកកម្មផ្សព្វផ្សាយពីវិស័យរ៉ែ និងកសិឧស្សាហកម្មរបស់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។
រយៈពេល ៣យប់ ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ មានការចូលរួមពីអ្នកសារព័ត៌មានជាង៥០នាក់ មកពីជាង២០ស្ថាប័ន ហើយផ្សាយចេញជា៥ភាសា រួមមានភាសាខ្មែរ អង់គ្លេស ចិន បារាំង និងវៀតណាម។
លោក ពុយ គា ជាអ្នកដឹកនាំក្នុងការផ្សព្វផ្សាយបានបញ្ជាក់ឱ្យដឹងថា៖ «បេសកកម្មលើកនេះ ជោគជ័យដូចសព្វមួយដងដែលដឹកនាំដោយក្លិបអ្នកសែតកម្ពុជានាពេលកន្លងមក។ អ្នកសារព័ត៌មានយើងបានផ្សព្វផ្សាយច្រើនណាស់ ម្ដងៗរាប់រយអត្ថបទ និងវីដេអូ។ នេះហើយគឺជាការជួយដល់សង្គម ប្រទេសជាតិយើង ដល់ប្រជាពលរដ្ឋយើង ដើម្បីឱ្យបានដឹងថា នៅកម្ពុជាមានអ្វីខ្លះ? ហើយអ្វីដែលយើងអាចនាំទៅក្រៅឱ្យគេបានដឹងអំពីកម្ពុជា»។
បើទោះជាបេសកកម្មលើកនេះទទួលបានជោគជ័យក៏ដោយ ក៏លោក ពុយ គា នៅតែបន្តអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន សូមបន្តជួយសហការ និងផ្ដល់ភាពងាយស្រួលដល់ក្លិបអ្នកកាសែតកម្ពុជា ដើម្បីអាចបំពេញការផ្សព្វផ្សាយបន្តបន្ទាប់ទៀតនៅកាន់ខេត្តគោលដៅសំខាន់ៗ។ ការអំពាវនាវបែបនេះ ព្រោះថានាពេលកន្លងមក ក៏មានការលំបាកមួយចំនួនបានកើតឡើង ដោយសារនៅខ្វះខាតកិច្ចសហការ ឬផ្ដល់ព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយពីស្ថាប័នពាក់ព័ន្ធ។
អ្នកសារព័ត៌មានបានធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ដើម្បីចុះយកព័ត៌មាន អំពីអណ្ដូងរ៉ែមាស, តំបន់កសិឧស្សាហកម្ម, រោងចក្រផលិតសំបកកង់រថយន្ត, ការដ្ឋានអាជីវកម្មថ្មអារ, តំបន់ឧស្សាហកម្មកែច្នៃ និងកសិដ្ឋានចំការចេក។
បេសកម្មចំនួន៦លើកកន្លងទៅ របស់ក្លិបអ្នកកាសែតកម្ពុជា បានទៅកាន់ ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តសៀមរាប, ខេត្តពោធិ៍សាត់ និងរមណីយដ្ឋានឋានសួគ៌បូកគោ ហើយក្លិបអ្នកកាសែតកម្ពុជា នឹងព្យាយាមរៀបចំបេសកកម្មអ្នកសារព័ត៌មានជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗច្រើនទៀត ដោយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនបន្តគាំទ្រដើម្បីជាប្រយោជន៍ដល់សង្គម និងប្រជាជាតិយើង៕