(កណ្ដាល)៖ នាចុងសប្ដាហ៍នេះ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកណ្ដាល អាណត្តិ៦ឆ្នាំ បានធ្វើសន្និបាតបូកសរុបការងារ និងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកណ្ដាលសម្រាប់អាណត្តិទី៦ លើកទី៤ ដែលជាលទ្ធផលលោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ អនុប្រធានមន្ទីរសុខាភិបាល ទទួលបានការបោះឆ្នោតគាំទ្រ ជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកណ្ដាលសម្រាប់អាណត្តិ៦ឆ្នាំ លើកទី៤ដោយជោគជ័យ។
លោកសាស្ត្រាចារ្យបណ្ឌិត ឡាំ អេងហួរ អនុប្រធានទី១ ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិកម្ពុជា តំណាងឲ្យលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យ ជាតិកម្ពុជា បានថ្លែងជម្រុញដល់លោកប្រធានថ្មីខេត្តកណ្ដាលជួយការងារឲ្យបានល្អបំផុតទៅលើការពង្រឹងវិជ្ជាជីវៈពេទ្យនៅទូទាំងខេត្ត សំដៅផ្ដល់សេវាដល់ពលរដ្ឋទាំងរដ្ឋក្ដី ទាំងឯកជនក្ដី ប្រកបដោយក្រមសិលធម៍វិជ្ជាជីវៈ និងព្យាបាលប្រកបដោយការយកចិត្តទុកដាក់ និងមានប្រសិទ្ធភាពខ្ពស់ ទទួលបានទំនុកពីពលរដ្ឋ។
ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានជំរុញប្រធានក្រុមប្រឹក្សាដែលទើបជាប់ថ្មី សូមមេត្តាជួយតាមដានលម្អិតពាក់ព័ន្ធនឹងគ្លីនីកឯកជនមួយចំនួន បើសិនជាមានករណីមិនប្រក្រតី ជុំវិញអាជ្ញាបណ្ណ ពោលគឺបើមានអាជ្ញាបណ្ណបើកនៅកន្លែងណា គឺបើកនៅកន្លែងហ្នឹង ដោយហាមមិនឲ្យបើកបានទៅកន្លែងណាក៏នោះទេ ហើយក៏មិនត្រូវឲ្យគេខ្ចីអាជ្ញាបណ្ណ ហើយតាមដានឲ្យមែនទែនក្រែងលោមានអ្នកខ្លះ មិនមានសញ្ញាបត្រជំនាញ ឬមិនមានអាជ្ញាបណ្ណ តែលួចបើកព្យាបាលជាសម្ងាត់ និងរឿងពាក់ព័ន្ធផ្សេងទៀត សូមធ្វើលើកិច្ចការនេះឲ្យបានម៉ត់ចត់ ដើម្បីសុវត្ថិភាពសុខភាពបងប្អូនប្រជាពលរដ្ឋយើង។
ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាអាណត្តិថ្មី បានឡើងប្ដេជ្ញាចិត្តខិតខំជម្រុញដល់គ្រូពេទ្យ វេជ្ជបណ្ឌិត ដែលបម្រើវិស័យសុខាភិបាល ទាំងសេវាឯកជន សេវាសារធារណៈ ចូលរួមចុះបញ្ជីរការ និងបន្តសុពលភាពឲ្យបានទាន់ពេលវេលា និងត្រឹមត្រូវច្បាស់លាស់ គោរពនូវក្រមសិលធម៍វិជ្ជាជីវៈវេជ្ជសាស្ត្រ និងមានគុណវឌ្ឍច្បាស់លាស់ ដើម្បីទទួលទំនុកចិត្តពីប្រជាពលរដ្ឋដែលមកទទួលសេវាប្រកបដោយគុណភាព ទាំងផ្លូវកាយ ផ្លូវចិត្ត ខិតខំផ្សព្វផ្សាយច្បាប់គតិយុទ្តិ គោលនយោបាយរបស់ក្រសួងសុខាភិបាល ដែលទទួលបានការណែនាំពីគណៈគ្រូពេទ្យជាតិ និងក្រសួងសុខាភិបាល និងបន្តផែនការអនុវត្ត ក្នុងការរៀបចំធ្វើទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តឲ្យបាន៤លើកក្នុងឆ្នាំយ៉ាងតិចផងដែរ៕