(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី H.E Mrs. Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកម្ពុជា «Cambodia Social Media and Digital Media Reporting»។
វគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល» គឺជាគំនិតផ្តួចផ្តើម និងការតម្រង់ទិសរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ជាការអនុវត្តន៍នូវផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ដែលជាយុទ្ធសាស្រ្តទី៣ ក្នុងចំណោម យុទ្ធសាស្រ្តទាំង៥ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៥-២០២៨ ដែលក្រសួងព័ត៌មាន បានដាក់ចេញ ហើយបានចាត់ទុកមូលធនមនុស្ស គឺជាកត្តាគន្លឹះ និងមានសក្តានុពលក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ស្ថាប័នក្រសួងព័ត៌មាន។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន, លោកស្រី Fahriye ALTINTAS មន្រ្តីទំនាក់ទំនង និងភាពជាដៃគូរអន្តរជាតិ TIKA, លោកស្រី Ilknur GUNDOGDU IPEK អ្នកសម្របសម្រលកម្មវិធី បណ្តុះបណ្តាល TRT និងគ្រូបង្គោលពី រួមមានលោកស្រី Makbule និង Sumeyya។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល៥ថ្ងៃ។
បើយោងតាមរយបាយការណ៍របស់លោក កៅ អ៉ីមរ៉ន រដ្ឋលេខាការក្រសួងព័ត៌មាន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ សម្រាប់វគ្គបណ្តុះបណ្តាល និងថ្ងៃទី២១ ជាថ្ងៃបិទកម្មវិធី។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួម សរុបចំនួន៥៦រូប ក្នុងនោះអញ្ជើញពី AKP ១៤នាក់ APP ៦នាក់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ៤នាក់ វិទ្យុជាតិ ១០នាក់ និង ទូរទស្សន៍ជាតិ ២២នាក់។ វគ្គនេះនឹងត្រូវបែងចែកជាពីរបន្ទប់ផ្សេងគ្នា ដើម្បីងាយស្រួលក្នុងដឹកនាំបណ្តុះបណ្តាលដែលបន្ទប់ A ត្រូវបានកំណត់យកសាលសត្យានេះតែម្តង និងបន្តប់B ត្រូវបានកំណត់យកបន្ទប់ប្រជុំរបស់លេខាធិការដ្ឋានគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍។ (ក្រុមការងារក៏បានធ្វើការបែងចែកបញ្ជីឈ្មោះដែលត្រូវប្រចាំការនៅបន្ទប់នីមួយៗរួចរាល់)។
សមាសភាពគ្រូបង្គោល ដែលអញ្ជើញពី TRT មានចំនួន ០៣រូប និង០១រូបមកពី TIKA ដែលនឹងធ្វើការបណ្តុះបណ្តាល លើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖
*ការផលិតវីដេអូសម្រាប់បណ្តាញសង្គម
*ការនិពន្ធសាច់រឿងសម្រាប់វីដេអូឌីជីថល
*ការធ្វើទីផ្សារសម្រាប់មាតិកាឌីជីថល
*ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ
នៅក្នុងវគ្គបណ្តុះបណ្តាលនេះ ក៏មានការចែករម្លែកបទពិសោធន៍ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អំពីប្រធានបទ២សំខាន់ គឺទី១ «ការគ្រប់គ្រងសាធារណៈមតិ» ផ្តល់បទបង្ហាញដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងទី២ «បទពិសោធន៍កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ» ផ្តល់បទបង្ហាញដោយលោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការ។
វគ្គបណ្តុះបណ្តាលស្តីពី«ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ឌីជីថលកម្ពុជា» ដែលទទួលបានការគាំទ្រពីសាជីវកម្មវិទ្យុ និងទូរទស្សន៍ តួកគីយ៉េ (TRT) និងទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) នាពេលនេះ ក៏សម្រេចបានតាមរយៈការស្វះស្វែង យ៉ាងយកចិត្តទុកដាក់ពីលោកស្រីឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែនាំមកនូវជំនាញ និងការចែករម្លែកបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយជាតិ នៃប្រទេសទាំងពីរ ជាពិសេសក្នុងយុគសម័យឌីជីថលនេះតែម្តង
កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន រវាងក្រសួងព័ត៌មានជាមួយភាគីតួកគីយេ ដែលសម្រេចបានកន្លងមក និយាយរួមចាប់ផ្តើមនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា និងអាណត្តិលោកស្រីអគ្គរដ្ឋទូតប្រចាំកម្ពុជា ក៏សម្រេចបាននូវ៖
*ការចុះកិច្ចព្រមព្រៀងអនុស្សារណៈ នៃការយោគយល់រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ជាមួយ ទីភ្នាក់ងារសារការព័ត៌មានតួកគី Anadolu Ajansi(AA) ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
*កិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងព័ត៌មានកម្ពុជា ជាមួយនាយកដ្ឋានទំនាក់ទំនងរបស់ប្រធានាធិបតី នៃសាធារណរដ្ឋតួកគីយេ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤៕