Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រហែសតែមួយភ្លែត! ផ្ទះបើកវីង​មួយកន្លែង​ត្រូវចោរ​មួយក្រុម បន្លំយកលុយ​អស់ជាង​១៤ម៉ឺនបាត នៅស្រុក​ភ្នំព្រឹក

24-10-2016 15:56

(បាត់ដំបង)៖ ទឹកប្រាក់យ៉ាងច្រើន ដែលជារបស់អ្នកលក់សាំង និងបើកវីងវេរលុយ ត្រូវបានជនមិនស្គាល់មុខមួយក្រុម មានគ្នាប្រមាណពី ៥-៦នាក់ បន្លំលួចយកទៅបាត់ ខណៈដែលម្ចាស់ផ្ទះមិននៅ ហើយផ្ញើទុកឲ្យម្តាយជាអ្នកនៅមើលលក់ដូរតែម្នាក់ឯង។

មន្ដ្រីអាវុធហត្ថមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ស្ថិតក្នុងភូមិគគី ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាកម្មសិទ្ធិរបស់ឈ្មោះ ពេជ្រ វណ្ណៈ អាយុ២៦ឆ្នាំ និងប្រពន្ធឈ្មោះ សូ ស្រីទាវ អាយុ២៥ឆ្នាំ។

តាមការអះអាងពីស្ត្រីម្នាក់ ឈ្មោះ អ៊ូ ធី អាយុ៦១ឆ្នាំ ត្រូវជាម្តាយបាននិយាយថា នៅមុនពេលកើតហេតុ កូនរបស់គាត់ទាំងពីរនាក់ បានចេញទៅមន្ទីរពេទ្យ ដើម្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ ពាក់ព័ន្ធនឹងជម្ងឺរបស់ពួកគេ ដោយទុកឲ្យគាត់នៅមើល និងជួយលក់មួយភ្លែតសិន នៅពេលនោះស្រាប់តែមានមនុស្សមួយក្រុម មានគ្នាប្រមាណជា៥ ទៅ៦នាក់ បានចូលមកចាក់សាំងផង ឯខ្លះទៀតបានធ្វើជាចូលទៅផ្ញើលុយតាមវីង ដែលធ្វើឲ្យគាត់មានការភាំងមួយភ្លែត ហើយពួកគេបន្លំចូលទៅលួចយកកាបូប លុយ រួមនាំគ្នាចាកចេញទៅបាត់អស់តែម្តង។

ក្រោយមកទើបមានការភ្ញាក់ផ្អើល ដោយសារតែបាត់កាបូបលុយ  ដែលក្នុងនោះមានលុយថៃចំនួន១៤ ម៉ឺនបាត ដែលជនមិនស្គាល់មុខបានលួចយកទៅបាត់ ទើបគាត់បានរាយការណ៍ប្តឹង ទៅសមត្ថកិច្ច ប៉ុន្តែវាសឹងតែហួសពេលទៅហើយ ម៉្យាងវិញទៀតស្ត្រីវ័យចំណាស់ ក៏សឹងតែមិនចាំអំពីអត្តសញ្ញាណជនសង្ស័យខ្លះផង ដែលជាបញ្ហាសម្រាប់សមត្ថកិច្ច។

ក្រោយទទួលបណ្ដឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន បានចេញអន្ដរាគមន៍ និងធ្វើការស្រាវជ្រាវដើម្បីរកក្រុមជនសង្ស័យ មកផ្តន្ទាទោស៕