(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីប្រគល់-ទទួល ប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិម្មិត ជាជំនួយរបស់កងទ័ពជើងគោកឥណ្ឌា ជូនដល់កងទ័ពជើងគោក នៃកងយោធលខេមរភូមិន្ទ នៅទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក។
ថ្លែងក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានរម្លឹកពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ឥណ្ឌា នៅក្នុងរយៈពេល៧៣ឆ្នាំមកនេះ ហើយកិច្ចសហប្រតិបត្តិការយោធារបស់យើង ត្រូវបានពង្រឹង និងពង្រីក ជាលំដាប់រហូតដល់មានការចុះហត្ថលេខាលើ លក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកទាំងពីរ ដែលបាន បង្កើតកាលានុវត្តភាពថ្មីជាច្រើន ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិប្តតិការ រវាងកងទ័ពជើងគោកទាំងពីរ កម្ពុជា-ឥណ្ឌា។
លោកបានបន្ថែមថា ប្រព័ន្ធហ្វឹកហ្វឺនសិប្បនិម្មិត ដែលជាជំនួយរបស់ កងទ័ពជើងគោកឥណ្ឌា គឺជាការការគាំទ្រដល់ដំណើរការទំនើបកម្មវិស័យការពារជាតិរបស់កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការបង្កើនសមត្ថភាពប្រតិបត្តិការ របស់ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
លោក Vanlalvawna Bawitlung បានមានប្រសាសន៍ថា ការផ្តល់ជំនួយប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិម្មិតនេះគឺតបតាមសំណើ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អតីតមេបញ្ជាការ កងទ័ពជើងគោក កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់សាធារណរដ្ឋឥណ្ឌា ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ប្រទេសទាំងពីរ។
លោកបានបន្ថែមថា ជំនួយប្រព័ន្ធហ្វឹកហ្វឺនសិប្បនិម្មិតនេះ គឺជាសក្ខីភាពនៃមិត្តភាពដ៏រឹងមាំរវាងកងទ័ពនៃប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញពីគោលបំណងក្នុងការពង្រើក និងពង្រឹងទំនាក់ទំនងមិត្តភាព រវាងព្រះរាជាណាចក្រកម្ពុជា និងសារធារណរដ្ធឥណ្ឌាបន្ថែមទៀត។
គូសបញ្ជាក់ថា ក្រោយមានការរចុះហត្ថលេខាលើ លក្ខខណ្ឌកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកទាំងពីរ កាលពីឆ្នាំ២០២៣ កងទ័ពជើងគោកកម្ពុជា បានបញ្ជូនយោធិនទៅហ្វឹកហ្វឺន នៅតាមបណ្តាសាលានានា នៅក្នុងប្រទេសឥណ្ឌា និងបានធ្វើសមយុទ្ធយោធាទ្វេភាគីលើកទី១ ឈ្មោះថា CINBAX ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់អន្តរប្រតិបត្តិការ កិច្ចសហប្រតិបត្តិការប្រឆាំងអំពើភេរវកម្ម និងការត្រៀមខ្លួន សម្រាប់ប្រតិបត្តិការរួមគ្នា ក្រោមឆត្រអង្គការសហប្រជាជាតិ៕