(ព្រះសីហនុ)៖ លោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បានចូលរួមបើកការតាំងបង្ហាញម្ហូបអាហារឥណ្ឌូនេស៊ីនៅ Summer Bay Beach Club and Cabins ក្នុងក្រុងព្រះសីហនុកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ ការតាំងបង្ហាញម្ហូបអាហារនេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានផ្តល់នូវការភ្លក្សរសជាតិដ៏ឈ្ងុយឆ្ងាញ់ បែបឥណ្ឌូនេស៊ីពិតៗជូនដល់ភ្ញៀវដែលបានចូលរួម។

នៅក្នុងពិធីតាំងបង្ហាញម្ហូបអាហារឥណ្ឌូនេស៊ីនេះ លោកឯកអគ្គរដ្ឋទូត Santo បានសាទរចំពោះការគ្រប់គ្រងរបស់ Summer Bay Beach Club and Cabins សម្រាប់គំនិតផ្តួចផ្តើម ក្នុងការបង្ហាញមុខម្ហូបរបស់ប្រទេសឥណ្ឌូនេស៊ីដល់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិក្នុងខេត្តព្រះសីហនុ។

លោកបានបន្ថែមថា៖ «នេះជាឱកាសដ៏អស្ចារ្យមួយក្នុងការណែនាំរសជាតិដ៏សម្បូរបែប និងចម្រុះនៃម្ហូបឥណ្ឌូណេស៊ីដល់មិត្តកម្ពុជាយើង។ ការចែករំលែកអាហារ គឺចែករំលែកវប្បធម៌»

ម្ហូបឥណ្ឌូណេស៊ីជាច្រើនមុខ ត្រូវបានដាក់បង្ហាញក្នុងពិធីនេះក្នុងនោះរួមមាន៖ «Betutu duck» មកពីកោះបាលី និង «Rendang» ពីប៉ាដាង។ ក្នុងនោះក៏រួមបញ្ចូលអាហារសម្រន់ និងបង្អែមបែបប្រពៃណីផងដែរ។ ហើយដើម្បីធានាបាននូវរសជាតិដើមនៃប្រទេសឥណ្ឌូនេស៊ី គ្រប់អាហារដែលបានបង្ហាញត្រូវបានធ្វើដោយផ្ទាល់ពីមេចុងភៅ Suyitno Sunaryo មកពី «Sister Hotel» ក្នុងទីក្រុងហ្សាកាតា។

លោកឯកអគ្គរដ្ឋទូត Santo បានបង្ហាញក្តីសង្ឃឹមថា «ការតាំងបង្ហាញម្ហូបអាហារនេះ នឹងរួមចំណែកឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា។ ព្រឹត្តិការណ៍នេះជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហការទ្វេភាគីនាពេលអនាគតក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។ ទន្ទឹមនឹងនោះ ក៏មានក្តីសង្ឃឹមផងដែរថា ការជួបជុំគ្នាលើអាហារឆ្ងាញ់ៗ ក៏នឹងពង្រឹងទំនាក់ទំនងសង្គម និងវប្បធម៌រវាងប្រជាជាតិទាំងពីរបន្ថែមទៀតផងដែរ»

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានជនជាតិឥណ្ឌូនេស៊ីជាង ១៣១,០០០នាក់ កំពុងរស់នៅ និងធ្វើការនៅកម្ពុជា។ មួយភាគបីនៃពួកគេ ទំនងជានៅខេត្តព្រះសីហនុ។

សូមជម្រាបថានៅឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ១.១ពាន់លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៦៩៩លានដុល្លារក្នុងឆ្នាំ២០២០។ កំណើននេះបង្ហាញពីការកើនឡើងនៃតម្រូវការសម្រាប់ទំនិញឥណ្ឌូនេស៊ី រួមទាំងផលិតផលម្ហូបអាហារផងដែរ។ ផលិតផលឥណ្ឌូណេស៊ីបន្តិចម្តងៗកំពុងក្លាយជាតម្រូវការក្នុងគ្រួសារនៅប្រទេសកម្ពុជា៕