(សៀមរាប)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុនធានម៉ុង ឯ.ក. ក្រោមអធិបតីភាពបណ្ឌិត គង់ គា អគ្គនាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំ «ទិវាច្រូតស្រែបង្ហាញដែលប្រើប្រាស់ជី ផេនដា មេន» ស្ថិតនៅភូមិកំស្នោខាងកើត ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដោយបានច្រូតស្រែបង្ហាញទំហំ ១ ហិកតា ប្រើពូជអូអឹម (OM5451) ដែលផ្ដល់ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពិធីច្រូតស្រែបង្ហាញ ដែលប្រើប្រាស់ជី ផេនដា មេន នេះ មានការចូលរួមពីសំណាក់ អាជ្ញាធរនៃខេត្តសៀមរាប សហគមន៍កសិកម្ម ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ធាន ម៉ុង និងប្រជាកសិករនៅក្នុងមូលដ្ឋាន សរុបប្រមាណជាង ១០០ នាក់។
លោក ហៃ វាសនា អនុប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានសង្កេតឃើញថា តំបន់ដីស្រែកសិកម្មស្ថិតនៅទីតាំងខាងលើ គឺជាប្រភេទដីភូមិ ដីប៉ែកខាងលើ ពុំសូវមានជីជាតិ និងជាដីល្បាយខ្សាច់ បូករួមទាំងកត្តាលិចទឹក ទើបជាទូទៅ កសិករក្នុងតំបន់នេះ ធ្វើស្រែវស្សា និងប្រាំង ប្រមូលទិន្នផលស្រូវចន្លោះត្រឹមតែ ២ ទៅ ៣ តោនប៉ុណ្ណោះក្នុងមួយហិកតា ។
ដោយសង្កេតឃើញ រាល់បញ្ហាប្រឈមកំពុងកើតឡើង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានសហការជាមួយនឹង ក្រុមហ៊ុនធានម៉ុង ឯ.ក. ចុះសិក្សាពីសណ្ឋានដីស្រែ និងយកសំណាក់ដីស្រែជាក់ស្ដែង យកមកធ្វើការពិសោធន៍ និងចេញរូបមន្តជីកសិកម្ម ផ្ដោតសំខាន់លើដំណាំស្រូវ និងជាពិសេសសម្រាប់ កែប្រែគុណភាពដីឱ្យល្អប្រសើរឡើងវិញ តាមបច្ចេកទេសបៃតង។
ជាលទ្ធផលជាក់ស្ដែង កសិករ សូ ឃន់ អាចប្រមូលទិន្នផលស្រូវរហូតដល់ទៅជាង ៦ តោន ក្នុងមួយហិកតានៅក្នុងរដូវនេះ ក្រោយប្រើប្រាស់ឈុតជីស្រូវ ផេនដាមេន និងអនុវត្តតាមបច្ចេកទេសដាំដុះស្រូវ របស់ក្រុមហ៊ុនជីកសិកម្ម ផេនដាមេន ដែលពីមុនមកគាត់ មិនដែលធ្វើបានច្រើនដល់ប៉ុណ្ណឹងទេ ។
លើសពីនេះទៀត គេកត់សម្គាល់ឃើញថា ការដាំដុះដំណាំស្រូវតាមបច្ចេកទេសត្រឹមត្រូវ និងប្រើប្រាស់ជីកសិកម្មផេនដាមេន គឺជួយឱ្យកសិករចំណេញច្រើន និងល្អសម្រាប់ដីស្រែរបស់ពួកគាត់ ។ ជាក់ស្ដែង កសិករ សូ ឃន់ ចំណាយលើពូជត្រឹមតែ ១៨០គីឡូ ក្នុង មួយហិកតា បានផល៦តោន បើប្រៀបធៀបទៅកសិករដទៃទៀត ធ្វើស្រែប្រាំង ប្រើពូជស្រូវចន្លោះពី ២៥០ - ៣០០ គីឡូ បានត្រឹមតែ២ទៅ៣តោន។ ពីមុនមក កសិករ សូ ឃន់ មិនធ្លាប់ប្រើជីទ្រាប់បាតឡើយ ដូច្នេះដីស្រែក៏ជួបប្រទះបញ្ហាដីខូច ដីខ្សោះជីជាតិ ដីក្រាំង តែក្រោយប្រើប្រាស់ ជីទ្រាប់បាត ផេនដាមេន សណ្ឋានដីស្រែរបស់គាត់ ប្រែជាមានសភាពល្អ ដីផុសល្អ ដីមានជីជាតិ ការពារនិងព្យាបាលជំងឺ ហើយកូនដំណាំស្រូវដែលដុះលូតលាស់មក គឺមានសុខភាពល្អ ដើមធំ រឹងមាំ ចាក់ឫសវែង និងមិនសូវមានជំងឺ ជួយឱ្យគាត់ អាចកាត់បន្ថយការចំណាយថវិកាទៅលើការប្រើប្រាស់ថ្នាំកសិកម្មផ្សេងៗ និងការប្រើប្រាស់ជីបន្ថែមទៀត ហើយការប្រមូលទិន្នផលស្រូវរបស់គាត់ គឺទិន្នផលស្រូវកើនឡើងទ្វេដង ។
នេះជាបរិបទថ្មីមួយទៀត សម្រាប់ កសិករទាំងអស់ ដែលធ្វើស្រែប្រាំង និងវស្សាស្ថិតនៅទីតាំងខាងលើ គឺអាចធ្វើស្រែបានទិន្នផលច្រើន ជាមួយបច្ចេកទេសដាំដុះដំណាំស្រូវ និងប្រើប្រាស់ជីកសិកម្មផេនដាមេន ដូចកសិករ លោក សូ ឃន់ ផងដែរ។
លោក សូ ឃន់ ជាម្ចាស់ស្រែបង្ហាញផ្ទាល់ បានមានប្រសាសន៍ថា៖ «ឆ្នាំមុនៗ ខ្ញុំធ្វើស្រែ បានទិន្នផលស្រូវចន្លោះតែ ២ ទៅ ៣ តោនក្នុងមួយហិកតាតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងឆ្នាំនេះ ខ្ញុំធ្វើស្រែប្រមូលបានទិន្នផលស្រូវជាង ៦ តោនក្នុងមួយហិកតា ក្រោយអនុវត្តតាមការណែនាំរបស់ក្រុមហ៊ុនជីកសិកម្ម ផេនដាមេន តាមការដាំស្រូវតាមបែបបច្ចេកទេសត្រឹមត្រូវ និងប្រើប្រាស់ជីកសិកម្មផេនដាមេន ។ នេះជាលទ្ធផលខ្ពស់ខ្លាំងសម្រាប់ខ្ញុំ ហើយខ្ញុំពិតជាសប្បាយចិត្តណាស់ ។ នេះជាបទពិសោធន៍ថ្មីរបស់ខ្ញុំ ផ្លាស់ប្ដូរពីការដំាដុះដំណាំស្រូវតាមបែបទម្លាប់ ទៅជាការដាំដុះដំណាំស្រូវតាមបច្ចេកទេសត្រឹមត្រូវ ដែលមានភាពច្បាស់លាស់ នៅគ្រប់ដំណាក់កាលដាំដុះ និងថែទាំដំណាំស្រូវ រហូតដល់ស្រូវទុំ និងច្រូតកាត់ ចាប់តាំងពីវគ្គត្រាំពូជស្រូវ ប្រើប្រាស់ជីទ្រាប់បាត បាចគ្រាប់ជី និងបាញ់ជីទឹកបំប៉ន»។
លោកបានបន្តថា៖ «លើសពីនេះទៅទៀត ការដាំស្រូវតាមបែបបច្ចេកទេស និងប្រើប្រាស់ជីកសិកម្ម ផេន ដាមេន គឺចំណេញថវិការច្រើនណាស់ ។ខ្ញុំចំណេញលើថ្លៃពូជស្រូវ ដោយប្រើប្រាស់ពូជស្រូវតិចត្រឹមតែ ១៨០ គីឡូ ក្នុងមួយហិកតា, ហើយនៅពេលកូនដំណាំស្រូវលូតលាស់ឡើងមក គឺមានសុខភាពល្អ ស្លឹក និងដើមធំ ឫសរឹងមាំ មិនសូវមានជំងឺ ជួយសន្សំសំចៃទៅលើការប្រើប្រាស់ថ្នាំពុល ថ្នាំកសិកម្ម ជីនិងថ្នាំជំនួយផ្សេងៗទៀត បើប្រៀបធៀបទៅដីស្រែកសិករដទៃទៀត គឺត្រូវប្រើជីអាចម៍គោ ជីអាចម៍មាន់ ធ្វើជាជីជំនួយបន្ថែមទៀត។ ជាលទ្ធផល នៅពេលប្រមូលទិន្នផលស្រូវ គឺបានលទ្ធផលខ្ពស់លើសពីការរំពឹងទុក ដែលខ្ញុំមិនធ្លាប់ធ្វើបានសោះពីមុនមក»។
លោក ខឹម ស៊ុនចន្ថារ៉េត បានបញ្ជាក់ថា ក្រុមហ៊ុនធានម៉ុង មានផលិតផលឈុតដំណាំស្រូវមួយហិកតា ដែលប្រើប្រាស់ជីផេនដា មេន ដែលឈុតនេះ មានផ្សំទាំងជីទឹក ទាំងជីគ្រាប់ឲ្យត្រូវនឹងទំហំដីមួយហិកតា ។ ចំណុចសំខាន់មួយទៀត ជីឈុតស្រូវ គឺប្រើប្រាស់លេខទាប ដែលសក្ដិសមនឹងដំណាំស្រូវ និងសណ្ឋានដីកសិកម្មនៅកម្ពុជា ហើយជួយសន្សំសំចៃថ្លៃដើមកសិករ និងប្រើប្រាស់ជីកសិកម្មចំគោលដៅ ហើយប្រមូលបានទិន្នផលស្រូវខ្ពស់ ។
ពិធីច្រូតស្រែបង្ហាញដែលប្រើប្រាស់ជី ផេនដា មេន នៅខេត្តសៀមរាបនេះ បានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនបានទទួលជោគជ័យក្នុងការធ្វើស្រែបង្ហាញនៅក្នុងបណ្ដាខេត្តជាច្រើនទៀត រួមមាន ព្រៃវែង តាកែវ ស្វាយរៀង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម និងកំពង់ធំ៕