Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការសម្រេចឃុំខ្លួនជនដៃដល់​ដែលសម្លាប់សង្សារ នៅខណ្ឌពោធិ៍សែនជ័យ ពីបទ «ឃាតកម្មគិតទុកជាមុន»

17-02-2025 10:23

(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទ កង សុផន្នា (កង សុផាន់ណា) ដែលជាឃាតកសម្លាប់សង្សារពីបទ «ឃាតកម្មគិតទុកជាមុន» ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ៦៦ ជាន់ទី២ ស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមទី៣ ខណ្ឌពោធិ៏សែនជ័យ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដាក់ពន្ធនាគារម១ ដើម្បីរងចាំការជំនុំជម្រះតាមនីតិវិធី។

នេះបើតាមការឲ្យដឹងពីលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់ភ្នាក់ងារ Fresh News ប្រចាំតុលាការនៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា ស្រ្តីកម្មកររោងចក្រម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយឃាតកប្រើខ្សែរឹតក សម្លាប់នៅក្នុងបន្ទប់លេខ៦៦ ជាន់ទី៣ ផ្ទះជួលស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសាកសពមានសភាពហើមស្អុយទៅហើយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង១៖៣០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ហើយត្រូវបានគេសង្ស័យថាជាអំពើឃាតកម្ម។ ជនរងគ្រោះឈ្មោះ ជុន សេន អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រកាត់ដេរ ប៊ឺរី អឹភែរឹល (ខេមបូឌា) មានទីលំនៅភូមិត្រពាំងលាន ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើ៕

ប្រតិបត្តិការបទល្មើសសម្លាប់ស្ត្រីជាសង្សារនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ក្រោយមានឃាតកម្មនេះកើតឡើង លោកបានបញ្ជាឲ្យកម្លាំងនគរបាលព្រហ្មទណ្ឌ បើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនជនដៃដល់នៅខេត្តព្រះសីហនុ ដោយសហការជាមួយកម្លាំងនគរបាលខេត្តព្រះសីហនុ។

ក្រោយការចាប់ខ្លួន, នៅពេលនេះជនដៃដល់ត្រូវបានកម្លាំងនគរបាលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាល ដឹកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕