(ភ្នំពេញ)៖ តំណាងក្រសួងការងារ អាជ្ញាធរខណ្ឌមានជ័យ និងសហជីព បានឯកភាពគ្នាលក់ឡៃឡុងសម្ភារ ក្នុងឃ្លាំងបានចំនួន២១០០០ដុល្លារ ដើម្បីយកមកបែងចែកទៅឲ្យកម្មករ-កម្មការនី ចំនួន ៣៤០នាក់ ដើម្បីបញ្ចប់ការតវ៉ារបស់ពួកគេនាពេលកន្លងទៅ។ នេះបើយោងតាមលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ ខណៈដែលលោកបានដឹកនាំ និងចូលរួមដោះស្រាយបញ្ហាមួយនេះ។
លោកបានបន្តទៀតថា ក្រោយលក់បានរួចរាល់ហើយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ តំណាងក្រសួងការងារ និងសហជីព បានសម្រេចបើកប្រាក់ជូនកម្មករ-កម្មការិនី ទាំង៣៤០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានប្រាក់ចំនួន៦០ដុល្លារ។
នៅក្នុងឱកាសនោះ កម្មករ-កម្មការិនី បានសំដែងភាពសប្បាយចិត្តរីករាយក្រៃលែងបំផុតនៅពេល ដែលក្រុមការងារក្រសួង អាជ្ញារធរខណ្ឌ ក៏ដូចជាសហជីព បានដោះស្រាយជូនបងប្អូនកម្មករទាន់ពេលវេលា។
គួរបញ្ជាក់ថា បុគ្គលិក កម្មករ សរុប៣៤០នាក់ ដែលបម្រើការងារ នៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ «រុន តៃ» ស្ថិតនៅចំណុច រោងចក្រកាត់ដេរសំលៀកបំពាក់ រុន តៃ ដែលមានទីតាំង ស្ថិតនៅផ្លូវលំ ក្រុម៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភំ្នពេញ បាននាំគ្នាធ្វើកូដកម្ម ទាមទារប្រាក់ បំណាច់មុខងារ ដែលមាន ថៅកែជនជាតិចិន មិនព្រមដោះស្រាយឲ្យ ទើបតែពេលនេះមានការអន្តរាគមន៍ និងដំណោះស្រាយជោគជ័យ ពីតំណាងក្រសួងការងារ អាជ្ញាធរខណ្ឌមានជ័យ និងសហជីព៕