(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅមុននេះបន្តិចនារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះថា ពលរដ្ឋកម្ពុជាចំនួន៤នាក់ ត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំង នៅប្រទេសសូម៉ាលី នៅពេលនេះក្រសួងការបរទេសកម្ពុជាអះអាងថា ត្រូវបានដោះលែងវិញហើយ។

ក្រសួងការបរទេសបានអះអាងថា តាមការរៀបចំសម្របសម្រួលរបស់ក្រសួង, ពលរដ្ឋកម្ពុជាទាំង ០៤នាក់នេះ នឹងធ្វើដំណើរមកដល់ទីក្រុងម៉ានីល ប្រទេសហ៊្វីលីពីន នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង ១៦:៣០នាទី តាមជើងយន្តហោះ EK332 របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ហើយពេលនេះក្រសួងកំពុងតែបន្តរៀបចំសម្របសម្រួល សំរាប់ការធ្វើដំណើរបន្តពីទីក្រុងម៉ានីលមកទីក្រុងភ្នំពេញ បន្ទាប់ពីពលរដ្ឋទាំង ០៤នាក់នោះ ធ្វើដំណើរមកដល់ទីក្រុងម៉ានីល តាមការគ្រោងទុកខាងលើ។

សារព័ត៌មានភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ បានផ្សព្វផ្សាយថា អ្នកនេសាទកម្ពុជាបួននាក់នោះ ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយចោរសមុទ្រសូម៉ាលី កាលពីបួនឆ្នាំកន្លះមុន។ ពួកគេត្រូវបានមកដល់ព្រលានយន្តហោះ Nairobi កាលពីល្ងាចម្សិលមិញ បន្ទាប់ពីត្រូវបានដោះលែងកាលពីថ្ងៃទី២២ ខែតុលា។

ភ្នំពេញប៉ុស្តិ៍ផ្សាយថា ការចាប់ពួកគេជាចំណាប់ខ្មាំង បានកើតឡើងកាលពីខែមីនា ឆ្នាំ២០១២ នៅពេលកប៉ាល់នេសាទ Naham 3 ត្រូវបានប្លន់នៅដែនសមុទ្រភាគខាងត្បូងនៃប្រជុំកោះ Seychelles៕

រូបភាពរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍