(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់អំណោយសប្បុរសជូនដល់គ្រួសារកូនភ្លោះ៣នាក់ ទី៤២៤។

អំណោយដ៏សប្បុរសរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន ថវិកា ៥លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្ក សរ ៥គីឡូក្រាម សារុង២ និង​ក្រម៉ា​២។

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក​​ សេង ទៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា យកទៅប្រគល់ជូនដល់ដៃក្រុមគ្រួសារដែល​ទទួល​បាន​កូនភ្លោះ៣នាក់នេះ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅមន្ទី​រពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

គ្រួសារដែលទើបសម្រាលកូនភ្លោះបីនាក់នេះ មានឪពុកឈ្មោះ ហ៊ិន សម្បត្តិ អាយុ ៣៦ឆ្នាំ ម្តាយឈ្មោះ ផន ផាតសូដា អាយុ ៣៣ឆ្នាំ។ អ្នកទាំងពីរមុខររបរយោធា មានលំនៅឋាននៅផ្ទះលេខ៤៦ សង្កាត់ក្រាំង​ធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កូនភ្លោះ៣នាក់នេះ ជាកូនលើកទី២ នៅក្នុងគ្រួសារ។ កូនភ្លោះទាំង៣នាក់នេះ គឺជាកូនស្រី សម្រាលកាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

នៅចំពោះមុខគ្រួសារកូនភ្លោះ៣នាក់នេះ លោក សេង ទៀង បានមាន​ប្រ​​សា​​សន៍​ពាំ​នាំ​​ការ​​​ផ្តាំ​​ផ្ញើរ​សាក​សួរ​សុខ​ទុក្ខ ដោយ​​​សេច​​​ក្តី​នឹក​រលឹក​យ៉ាង​​ជ្រាល​ជ្រៅ​​បំផុត ពី​សំណាក់សម្តេច​​តេ​​​ជោ និង​សម្តេច​​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ច​កាល​សម្តេច​ទាំង​ទ្វេ តែង​តែ​នឹក​រលឹក​​ចំពោះ​​ប្រ​ជា​​ពល​​រដ្ឋ នៅ​គ្រប់​​ទីកន្លែង​​​ទាំង​អស់ ក្នុង​ប្រទេស​កម្ពុជា។

លោក សេង ទៀង បានជម្រាបឱ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ ​រហូត​មក​ដល់​បច្ចុ​​ប្បន្ន​​ ពោល​រយៈពេលជាង ២៦​ឆ្នាំ​កន្លង​​មក​នេះ មាន​គ្រួសារ​សម្រាលបានកូន​ភ្លោះបី​នាក់ ឬ​បួន​នាក់ ​ចំនួន​​៤២៤គ្រួ​សារ​​​​​រួចហើយ បាន​ទទួល​​​អំ​ណោយ​ឧបត្ថម្ភ​ដ៏​សប្ប​រស​ពី​សម្តេច​តេ​ជោ​ និង​សម្តេចកិត្តិ​ព្រឹទ្ធ​​បណ្ឌិត ដើម្បី​ជួយ​ទំនុក​បម្រុង​ដល់​ការ​លំ​បាក​ខ្វះ​ខាត​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ ជាពិ​សេស​ការ​​ចិញ្ចឹម​បីបាច់កូន ដែលត្រូវជាកូន ជា​ចៅ​​របស់​សម្តេច​ទាំង​ទ្វេ។

នាយករងខុទ្ទកាល័យរបស់សម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជំនួយ​ឧបត្ថម្ភ​របស់សម្តេចតេជោ មិន​​មែន​ជា​អំ​ណោយ​របស់​រាជរដ្ឋា​ភិបាល អំណោយ​របស់​​កាក​បាទ​ក្រ​ហម​កម្ពុជា ឬអំ​ណោយ​របស់​គណបក្ស​ ដែល​បម្រើឱ្យសកម្ម​ភាព​នយោ​បាយ​នោះទេ។ ផ្ទុយ​ទៅវិញ​អំណោយ​ទាំង​អស់​នេះ គឺ​ជា​អំណោយ​​កើតចេញ​ពីទឹក​ចិត្ត​ជ្រះ​ថ្លា​ប្រកប​ដោយ​​​​​ការ​គិត​គូរ​ខ្ពស់ របស់​សម្តេច​តេជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលបាន​ឈ្វេង​យល់​​ពីការ​លំបាក​ពិត​ប្រាកដ ចំ​ពោះ​ប្រជាពលរដ្ឋ​បានសម្រាល​ទារក​ភ្លោះបី ឬ​បួន​នាក់។

លោក សេង ទៀង បានណែនាំមាតាបិតា និងអាណាព្យាបាលកូនភ្លោះ បន្តយកចិត្តតាមដានពីសុខភាពរបស់កូនឱ្យបានគត់មុន ពោលប្រសិន​បើ​កូនមានអាការៈអ្វីខុសពីប្រក្រតី សូមរាយការណ៍ជូនក្រុមគ្រូពេទ្យប្រចាំការ និងស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យ។ បើគ្រូពេទ្យអនុញ្ញាតឱ្យ​ចាក​ចាញ​ពីមន្ទីរពេទ្យ ចាំនាំកូនៗទៅកាន់លំនៅឋាន  ដើម្បីកាត់បន្ថយ​គ្រោះ​ថ្នាក់​ដល់អាយុជីវិត របស់ទារក។

តំណាងមាតាបិតាកូនភ្លោះ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​បំផុត ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាល​ចាត់​ទុកប្រជាពលរដ្ឋទីទល់ក្រងាយរងគ្រោះ គឺជាការលំបាកផ្ទាល់​របស់សម្តេច​ទាំងទ្វេ ពោលគឺពេលនេះ​សម្តេចបានចាត់ឱ្យតំណាងរបស់សម្តេច​បាននាំ​យក​ថវិកា និងសម្ភារៈដ៏មានតម្លៃបំផុតនេះ មកចែកជូនផ្ទាល់ដៃដល់​គ្រួសារ​​របស់ខ្លួន ដែលសម្រាលបានទារិកាភ្លោះបីនាក់ ដើម្បីជួយសម្រាល​ការលំបាក់ក្នុងការចិញ្ចឹមបីបាច់កូនភ្លោះទាំងបីនាក់នេះ ឱ្យមានជីវិតរស់​នៅ និងមានអនាគតល្អដូចពលរដ្ឋដទៃទៀតក្នុងសង្គម៕