(ភ្នំពេញ)៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន មានរៀបចំកិច្ចប្រជុំ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ចំណុះគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោក សេង ឈួន អនុរដ្ឋលេខាធិការ ជាប្រធាន លោកគឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាអនុប្រធាន លោកឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន និងលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានន គរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងសហការី ដើម្បីពិភាក្សាជុំវិញការចុះអនុវត្ត ការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស នៅសបា្តហ៍ក្រោយ។
អង្គប្រជុំបានជំរុញការងារសកម្មភាពបន្ទាន់ ដែលត្រូវអនុវត្តផ្អែកតាមសេចក្តីណែនាំលេខ០៣៥ របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមមាននីតិវិធី ដែលត្រូវអនុវត្តលើផ្លូវជាតិ និងយានដ្ឋានកែច្នៃ។
លោក សេង ឈួន បានសង្កត់ធ្ងន់ថា «ចំពោះក្រុមហ៊ុនណា ដែលមិនរាងចាល មិនគោរពច្បាប់ នៅតែកែច្នៃ ដំឡើងយានយន្តលើសប្រវែងបណ្តោយ ទទឹង កម្ពស់ និងថែមភ្លៅខុសលក្ខណៈបច្ចេកទេស ត្រូវអនុវត្តគ្មានការយោគយល់ ក្នុងករណីល្មើសធ្ងន់ធ្ងរ ត្រូវប្រឈមនឹងការឃាត់រថយន្ត និងកសាងសំណុំរឿងបញ្ជូលទៅតុលាការ»៕