(ពោធិ៍សាត់)៖ រថយន្តដឹកអង្កររបស់ក្រុមហ៊ុនពេជ្រ បុករះរថយន្តដឹកអង្ករដូចគ្នា ដែលចតចោលនៅចិញ្ចើមផ្លូវតកន្ទុយគ្នាចំនួន២គ្រឿង បណ្តាលឲ្យរបួសធ្ងន់ស្រាល៥នាក់ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។
ហេតុការណ៍គ្រោះថ្នាក់មួយនេះបានកើតឡើងនៅ យប់ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១៨-២១៩ ស្ថិតក្នុងភូមិស្វាយសរ ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់មួយនេះបង្កដោយរថយន្តដឹកអង្កររបស់ ក្រុមហ៊ុនពេជ្រ ម៉ាក Fino ព័ណ៌សលាយខៀវ ពាក់ស្លាកលេខ ស្វាយរៀង 3A-0742 បើកបរដោយឈ្មោះ ចេត សារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិចានិត ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង(របួសស្រាល) និងព្រូរថយន្តឈ្មោះ ធូក ប៊ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង(របួសធ្ងន់) បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ មុនពេលកើតហេតុ រថយន្តបង្ក បានធ្វើដំណើរពីលិចកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុករះគូថរថយន្តម៉ាក Fuso ពណ៌ខៀវឆ្នូតលឿង ពាក់ស្លាកលេខ ព្រះសីហនុ 3A-1788 ដែលចតនៅលើចិញ្ចើមផ្លូវស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរឈ្មោះ ភាព ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅរាជធានីភ្នំពេញ(របួសស្រាល) និងព្រូរថយន្តឈ្មោះ ឈុត ឃីត ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃព្រៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង(របួសធ្ងន់) បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ភ្លាមនោះរថយន្តម៉ាក Fuso ពាក់ស្លាកលេខ ព្រះសីហនុ 3A-1788 បានបន្តទៅបុករះគូថរថយន្តម៉ាក HYUNDIA ពណ៌ទឹកក្រូច ពាក់ស្លាកលេខព្រះសីហនុ 3A-1767 ដែលចតស្របទិសជាមួយគ្នា បណ្តាលឲ្យអ្នកបើកបរឈ្មោះ ផ្លោក ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅរាជធានីភ្នំពេញ(របួសស្រាល)ហើយរថយន្តបានក្រឡាប់ធ្លាក់ចូលស្រះខាងជើងផ្លូវជាតិតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្តសហការជាមួយកម្លាំងនគរបាលស្រុកបាកាន និងកម្លាំងប៉ុស្តិ៍មូលដ្ឋាន បានចុះអន្តរាគមន៍សង្គ្រោះបន្ទាន់ និងស្ទូចរថយន្តយកមករក្សាទុក្ខ រងចាំដោះស្រាយនៅពេលក្រោយ។
នៅវេលាម៉ោង១០៖៤០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ នៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៧-១៧៨ ស្ថិតក្នុងភូមិតាកែវលើ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក៏មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្ត Camry បាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AG-1601 បើកបរដោយឈ្មោះ ខាត់ ចាន់ធី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បានធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូម៉ាក WavE ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1G-7722 បើកបរដោយឈ្មោះ ប៉ិច ណារដ្ឋា ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិកាប៉ះ ឃុំឈើតុំ ស្រុកក្រគរ(របួសស្រាល) និងអ្នករួមដំណើរឈ្មោះ ប៉ិច សាភ័ណ្ឌ ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា(រងរបួសធ្ងន់) បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ហើយនៅវេលាម៉ោង ១២៖១០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ នៅកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៧ និង១៩៨ ស្ថិតក្នុងភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក៏មានគ្រោះថ្នាក់ចរាចរណ៍មួយទៀត បង្កដោយរថយន្តTOYOTA SIENNA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AC-8209 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូម៉ាក Wav អាល់ហ្វា ព័ណ៌ខ្មៅ គ្មានស្លាកលេខ ដែលឆ្លងផ្លូវពីជើងទៅត្បូង បើកបរដោយឈ្មោះ អ៊ែល អូន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់(របួសធ្ងន់) ពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានដាច់ខ្យល់ស្លាប់តាមផ្លូវតែម្តង។
បច្ចុប្បន្នវត្ថុតាង រថយន្ត និងម៉ូតូទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលខេត្ត រងចាំដោះស្រាយនៅពេលក្រោយ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីយ៕