(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញផ្សព្វផ្សយខ្លឹមសារនៃលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ដែលមានសមាសភាពចូលរួមជាង១០០នាក់។

នាឱកាសនោះដែរ លោកស្រីបានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគ្រប់ថ្នាក់ គ្រប់ផ្នែក គ្រប់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ អង្គការយុវជន បណ្តាអង្គការមហាជនរបស់គណបក្ស មន្ត្រី និងសមាជិក សមាជិកាគណបក្សនៅគ្រប់មូលដ្ឋាន ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញគណៈកម្មាធិការកណ្តាល យកអស់កម្លាំងកាយ កម្លាំងចិត្ត ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា របស់គណបក្សឱ្យសម្រេចបានលទ្ធផលល្អលើគ្រប់ផ្នែក។

លោកស្រី ឃួន ឃុនឌី បានបន្តថាក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវតែប្រព្រឹត្តតែអំពើល្អ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋអស់ពីចិត្តពីថ្លើម ខិតខំចលនាប្រជាពលរដ្ឋ ជាពិសេស សមាជិក-សមាជិកា គណបក្សនៅមូលដ្ឋានឱ្យចូលរួមអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ព្រោះប្រជាពលរដ្ឋ និងសមាជិកគណបក្សនៅមូលដ្ឋានជាប្រភពកម្លាំងមិនចេះរីងស្ងួត និងជាកត្តាសម្រេចនៃជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ។ជាមួយគ្នានេះត្រូវបន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការបង្ការទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងសង្គម ជាពិសេសបទល្មើសលួច ឆក់ប្លន់ ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀនខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងក្រុមក្មេងទំនើងនៅតាមមូលដ្ឋាន។

លោកស្រីបញ្ជាក់ថាក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ ការងារជាអាទិភាព៖ ១. ការងារគ្រប់គ្រងសមាជិកបក្ស រក្សាចាស់ បង្កើនថ្មី ២. ការងារពង្រឹងរចនាសម្ព័ន្ធចាត់តាំងបក្ស, ៣. ការងារចិញ្ចឹមចលនានៅមូលដ្ឋានគណបក្សឃុំ ភូមិ ត្រូវពង្រឹងរចនាសម្ព័ន្ធ អង្គការចាត់តាំងបក្ស គណៈកម្មាធិការបក្សឃុំ សាខាបក្សភូមិ ក្រុមសកម្មជន និងរបៀបរបបធ្វើការច្បាស់លាស់, ៤. បន្តថែរក្សាសុខសន្តិភាពស្ថេរភាពនយោបាយ ពង្រឹងសតិអារម្មណ៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ៥. ប្រជុំប្រចាំខែឱ្យបានទៀងទាត់, ៦. ជំរុញការងារបន្តចិញ្ចឹមចលនាមូលដ្ឋានឡើងវិញឱ្យបានជាប់ជាប្រចាំដោយពូនជ្រុំថែទាំស្រោចទឹកដាក់ជី និង៧៖ ខិតខំប្រឹងប្រែងអូសទាញកម្លាំងពីខាងក្រៅ៕