(ភ្នំពេញ)៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ ថា នៅពេលនេះ មានគណបក្សនយោបាយចំនួន៥ បានសម្រេចចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ ប៉ុន្តែលោកបដិសេធមិនប្រកាសជាសាធារណៈពីសមាសភាពនៃគណបក្សនយោបាយទាំង៥នៅឡើយទេ។
លោក ញឹក ប៊ុនឆៃ បានអះអាងថា ការចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិពីសំណាក់គណបក្សទាំង៥ នាពេលនេះ គឺមានគោលដៅតែមួយប៉ុណ្ណោះ គឺដើម្បីផលប្រយោជន៍ជាតិ និងយកប្រជាជនជាធំ។
លោក ញឹក ប៊ុនឆៃ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «រយៈពេល២ខែហើយ ដែលគណបក្សខ្មែររួបរួមជាតិ និងគណបក្សនយោបាយ៥ទៀតបានធ្វើការរួមគ្នា។ តែនៅពេលនេះ ខ្ញុំមិនទាន់ចង់បញ្ជាក់ពីសមាសភាព នៃគណបក្សនយោបាយទាំង៥នោះនៅឡើយទេ។ ខ្ញុំមិនចង់ប្រកាសឲ្យដឹង នៅពេលនេះទេ ដោយសារពីមុនមកធ្លាប់មានបទពិសោធន៍ហើយ ក្រោយពេលមានការប្រកាសព័ត៌មានមិនច្បាស់លាស់ណាមួយបានផ្សាយទៅ ធ្វើឲ្យការចូលរួមគណបក្សរបស់ ខ្ញុំមានការថយចុះ»។
គណបក្សខ្មែររួបរួមជាតិ ត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ដោយ លោក ញឹក ប៊ុនឆៃ និង អតីតថ្នាក់ដឹកនាំមួយចំនួននៅក្នុងគណបក្សហ៊្វុនស៊ិនប៉ិច។ ក្បាលម៉ាស៊ីនគណបក្សរាជានិយមថ្មីនេះ រួមមាន លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស, លោក ខាន់ សាវឿន អនុប្រធាន និង លោក ទៀ ចំរ៉ាត់ ប្រធានកិត្តិយស។ ចំណែកអគ្គលេខាធិការបក្សមានឈ្មោះ ស៊ឹម សុន។
ចំពោះការរួបរួមជាមួយគណបក្ស៥ទៀតនោះ លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា ដោយសារគណបក្សទាំងនោះ មានលក្ខណៈពិសេស៥ចំណុច ក្នុងនោះមាន ប្រជាប្រិយភាពគណបក្ស សមត្ថភាពអ្នកគ្រប់គ្រង សកម្មភាពរបស់គណបក្ស លទ្ធិភាពគណបក្ស និងលទ្ធផលរបស់គណបក្សទាំងអស់។ យ៉ាងណាក៏ដោយ លោក ញឹក ប៊ុនឆៃ បានអះអាងថា នៅពេលឆាប់ៗខាងមុខនេះ លោកនិងសមាជិកគណបក្សនយោបាយទាំងអស់ នឹងរៀបចំប្រកាសជាសាធារណៈអំពីការរួមបញ្ចូលគ្នានេះ៕