(ភ្នំពេញ)៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានថ្លែងថា ឆ្នាំនេះជាខួបទី៣០ឆ្នាំ នៃការបង្កើត អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា «អាជ្ញាធរជាតិអប្សរា» គឺថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៩៥-១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ដើម្បីអបអរខួបទី៣០នេះ អាជ្ញាធរជាតិអប្សរា នឹងរៀបចំពិធីសាសនា ដូចជាពិធីរាប់បាត្រព្រះសង្ឃ ១៣០ អង្គ នៅបរិវេណប្រាសាទបាយ័ន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ នៅខាងមុខប្រាសាទអង្គរវត្ត លោក ហង់ ពៅ បានរំឭកពីការបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរានៅឆ្នាំ១៩៩៥ និងតួនាទីសំខាន់ៗ ដើម្បីគ្រប់គ្រង ការពារ និងអភិរក្សតំបន់រមណីយដ្ឋានអង្គរ រហូតមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។ ភាពល្បីល្បាញរបស់រមណីយ ដ្ឋាន អង្គរ បានទាក់ទាញទេសចរអន្តរជាតិ និងជាតិ ជាច្រើនមកទស្សនា តំបន់បេតិកភណ្ឌមួយនេះ គឺមកម្ដងហើយចង់មកម្ដងទៀតដោយគិតតចាប់ពីឆ្នាំ២០០០មក រមណីយដ្ឋានអង្គរ ទទួលបានទេសចរអន្តរជាតិចូលមកទស្សនាប្រមាណ ២៨លាននាក់។

ជាមួយគ្នានេះ មានឥស្សរជនជាតិខ្ពស់ជាច្រើនរូប បានមកទស្សនាតំបន់រមណីយដ្ឋានអង្គរផងដែរ រាប់ទាំងព្រះមហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្រ្តី ប្រធានស្ថាប័នអន្តរជាតិធំៗ តារាសម្ដែង និងតារាចម្រៀង។ ពួកគេទាំងនោះ បានចំណាយពេលដើម្បីចង់សិក្សាស្វែងយល់ ពីភាពល្បីល្បាញ នៃអាណាចក្រអង្គរ ទាំងពេលអតីតកាល និងបច្ចុប្បន្ន។

ក្រៅពីនេះ លោកនាយក បានរំឭកពីកិច្ចការងារជាច្រើនដែលអាជ្ញាធរជាតិអប្សរាបានធ្វើកន្លងមក ទាំងការងារអភិរក្សប្រាសាទ ទឹក ព្រៃឈើ សហគមន៍ ទេសចរណ៍ និងថែរក្សាមរតករូបី និងអរូបី។ល។ ធ្វើយ៉ាងណាឱ្យតំបន់នេះនៅតែរក្សាបាននូវកិត្តិនាមជារមណីយដ្ឋានបេតិកភណ្ឌមានជីវិត មានន័យថា ទាំងប្រាសាទ និងមនុស្ស អាចរស់នៅជាមួយគ្នាជាដរាប។

លោក ក៏មិនភ្លេចរំឭកពីការចូលរួមរបស់ស្ថាប័ន និងអ្នកជំនាញការអន្តរជាតិ ដែលបានចូលរួម នាពេលកន្លងមក និងបានបណ្ដុះបណ្ដាលធនធានជាតិជាច្រើន ឱ្យមានភាពម្ចាស់ការលើកិច្ចការពារ មរតកវប្បធម៌ជាតិខ្លួនឯង៕