(ភ្នំពេញ)៖ ក្រោយសិក្សារយៈពេល៦ថ្ងៃពេញ សិក្ខាកាមចំនួន២៤រូបមកពី១៤រាជធានី-ខេត្ត បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូ ហូកា លើជំនាញការិយាល័យជួរមុខ ដែលនឹងក្លាយជាគ្រូបណ្តុះបណ្តាលបន្តដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅតាមរាជធានី-ខេត្ត និងមូលដ្ឋានអាជីវកម្មទេសចរណ៍រៀងៗខ្លួន។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៦-២០២៤ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ហៅកាត់ HoKa (ហូកា) បានបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍បានចំនួន៥,០៨៩នាក់ (ស្រី៣,២៣៣នាក់) និងគ្រូជំនាញ គ្រូវាយតម្លៃបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) បានចំនួន៥២៦នាក់ (២៥៣នាក់ជាស្ត្រី)។
ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ Anik Palace Hotel រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ជួប រតនា ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងជាប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ តំណាងលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក គង់ ដារ៉ា ប្រធានផ្នែកគ្រប់គ្រងវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា នៃកម្មវិធីអភិវឌ្ឍន៍ជំនាញ តំណាងលោកបណ្ឌិត ដានីញ៉ែល នូហ្ក្រាហា នាយកប្រចាំប្រទេសរបស់អង្គការស្វីសខន់ថាក់កម្ពុជា និងលោក ស្រូ រិទ្ធី គ្រូបង្គោលឆ្នើមជាតិ និងអាស៊ាន ជំនាញសណ្ឋាគារនិងបដិសណ្ឋារកិច្ច ហើយក៏មានការចូលរួមពីលោកគ្រូបង្គោលអាស៊ាន និងគ្រូបង្គោលជំនាញគេហកិច្ច តំណាងសមាគមទេសចរណ៍ តំណាងសណ្ឋាគារនៅរាជធានីភ្នំពេញ សិក្ខាកាមចូលរួមពីមន្ទីរទេសចរណ៍ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ កោះកុង កំពង់ឆ្នាំង ខេត្តសៀមរាប និងរាជធានីភ្នំពេញ។
លោក ស្រូ រិទ្ធី បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូ ហូកា លើជំនាញការិយាល័យជួរមុខនេះ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១០-១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលបង្រៀនដោយគ្រូបង្គោលអាស៊ាន និងគ្រូបង្គោលជំនាញគេហកិច្ច។ គ្រូបង្គោលឆ្នើមជាតិនិងអាស៊ានរូបនេះ ក៏បានចូលរួមបណ្ដុះបណ្ដាលដល់សិក្ខាកាមទាំង២៤នាក់ផងដែរ។ លោកថា វគ្គបណ្តុះបណ្តាលនេះបានចូលរួមពង្រឹងសមត្ថភាពលើចំណេះដឹង និងជំនាញសំខាន់ៗ រួមមាន៖ ១-ចំណេះដឹងពីគុណវិឌ្ឍិជាតិ និងប្រព័ន្ធបណ្តុះបណ្តាលផ្អែកលើសមត្ថភាព (CBT) ២-វិធីសាស្ត្របង្រៀនសកម្មគន្លឹះចំនួន១៤ និងរបៀបប្រើប្រាស់ (HIT) ៣-ជំនាញបច្ចេកទេសសំខាន់ៗក្នុងផ្នែកការិយាល័យជួរមុខ ៤-ការរៀបចំផែនការបង្រៀន សម្ភារឧបទ្ទេស និង៤-ការរៀបចំសិក្ខាកាម និងតេស្តក្រោយវគ្គ។
លោក គង់ ដារ៉ា បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូ ហូកា លើជំនាញការិយាល័យជួរមុខនេះ ធ្វើឡើងក្រោមកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) របស់អង្គការស្វីសខន់ថាក់កម្ពុជា ក្នុងគោលបំណងដើម្បីឱ្យយុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាបទទួលបានការងារសមរម្យ និងប្រាក់ចំណូលកើនឡើង។ លោកបន្តថា កម្មវិធីអភិវឌ្ឍន៍ជំនាញរបស់អង្គការស្វីសខន់ថាក់កម្ពុជានេះ នឹងផ្តល់ការបណ្តុះបណ្តាលដល់ក្រុមគោលដៅនៅក្នុងដំណាក់កាលទី៣ (២០២៤-២០២៨) ក្នុងនោះបណ្តុះបណ្តាលយុវជនងាយរងគ្រោះ និងបុគ្គលិកដែលមានជំនាញទាបឱ្យបានយ៉ាងតិច១២,៥៤០នាក់ និងគ្រូបណ្តុះបណ្តាល អ្នកវាយតម្លៃ និងថ្នាក់គ្រប់គ្រងនៃភាគីពាក់ព័ន្ធឱ្យបានយ៉ាងតិច៨៩០នាក់។
ជាមួយគ្នានោះ លោកប្រធាននាយកដ្ឋាន ជួប រតនា បានផ្ដាំផ្ញើដល់សិក្ខាកាមទាំង២៤រូប ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូ ហូកា លើជំនាញការិយាល័យជួរមុខនេះហើយ សូមយកចំណេះ ជំនាញដែលទទួលបានបន្ថែមនេះ ផ្ដល់ការបណ្តុះបណ្តាលបន្តដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍នៅតាមរាជធានី-ខេត្ត និងមូលដ្ឋានអាជីវកម្មទេសចរណ៍រៀងៗខ្លួនប្រកបដោយភាពច្បាស់លាស់ ប្រកាន់នូវក្រមសីលធម៌ជាគ្រូបណ្ដុះបណ្ដាល ដើម្បីស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគឺយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ត្រង់មុំទី១ ដែលផ្តោតលើការអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស និងមូលធនមនុស្ស។
គួរជម្រាបថា តាមរយៈកិច្ចការសហការល្អរវាងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ (SDC) និងរាជរដ្ឋាភិបាលកម្ពុជា កម្មវិធីអភិវឌ្ឍន៍ជំនាញដ៏មានសារសំខាន់នេះ ត្រូវបានអនុវត្តជោគជ័យចំនួន២ដំណាក់កាលរួចមកហើយ៖
* ដំណាក់កាលទី១ (២០១៦-២០២០)៖ ចាប់ផ្តើមអនុវត្តនៅខេត្តចំនួន៣ គឺក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។
* ដំណាក់កាលទី ២ (២០២០-២០២៤)៖ ពង្រីកចំនួន២ខេត្តទៀត គឺរតនគិរី និងមណ្ឌលគិរី ហើយនៅក្នុងឆ្នាំ២០២២ ទីភ្នាក់ងារស្វីស SDC បានផ្តល់មូលនិធិបន្ថែមបានអនុញ្ញាតឱ្យពង្រីកទៅកាន់ខេត្តគោលដៅ៥ទៀត គឺខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ។
បច្ចុប្បន្ននេះ កម្មវិធីអភិវឌ្ឍន៍ជំនាញបានឈានដល់ដំណាក់កាលទី៣ (២០២៤-២០២៨) ដោយបានបន្ថែមខេត្តគោលដៅ២ទៀត គឺខេត្តកំពង់ឆ្នាំង និងកោះកុង។ នៅក្នុងដំណាក់កាលទី៣នេះ កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) បានគ្របដណ្តប់សរុបចំនួន១២ អនុវត្តដោយផ្ទាល់ និងខេត្តមួយចំនួនទៀតទទួលបានការគាំទ្រដោយប្រយោលពីទីភ្នាក់ងារស្វីស SDP ដូចជាខេត្តសៀមរាបជាដើម។ ដំណាក់កាលទី៣ HoKa នឹងបន្តផ្តល់ការបណ្តុះបណ្តាលដល់អ្នកជំនាញទេសចរណ៍ចំនួន៣,០៤០នាក់ លើជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច ជំនាញចុងភៅ ជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ជំនាញឆុងកាហ្វេ ជំនាញសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ហើយផ្តល់វគ្គបណ្តុះបណ្តាលគ្រូបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ចំនួន២៤០នាក់ ដល់មន្ត្រីមន្ទីរទេសចរណ៍ អ្នកគ្រប់គ្រងជំនាញទេសចរណ៍ និងម្ចាស់អាជីវកម្ម៕