Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកនាំពាក្យ៖ នៅរសៀលថ្ងៃនេះ ក្រុមការងារបានបញ្ចប់ ការតភ្ជាប់ទំនប់សណ្ដរស្ទឹងព្រែកត្នោត ដែលទឹកហូរច្រោះបាក់ប្រវែង៦០ម៉ែត្រ, ស្ថានភាពជំនន់ទឹកភ្លៀង បានធូរស្រាល និងអាចគ្រប់គ្រងបានហើយ

24-10-2016 14:57

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានបញ្ជាក់ថា ការងារតភ្ជាប់ទំនប់សណ្ដរស្ទឹងព្រែកត្នោត ស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ ដែលត្រូវបានជំនន់ទឹកភ្លៀងហូរបុកផ្ដាច់ប្រហែល៦០ម៉ែត្រ ត្រូវបានក្រុមការងាររបស់ក្រសួងក្រោមការបញ្ជាផ្ទាល់ពីសំណាក់ លោករដ្ឋមន្ដ្រី លឹម គាន់ហោ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន តភ្ជាប់បានវិញហើយ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ។

ប្រតិបត្តិការតភ្ជាប់ ទំនប់សណ្ដរស្ទឹងព្រែកត្នោត ដែលបានធ្វើឡើងអស់រយៈពេលជាច្រើនថ្ងៃ ទើបបានបញ្ចប់នៅរសៀលថ្ងៃនេះ ត្រូវបានអ្នកនាំពាក្យ ប្រាប់ពីផលលំបាកមួយចំនួន រួមមាន៖ទី១-ទឹកហូរបុកខ្លាំង ដែលធ្វើឲ្យពិបាកតភ្ជាប់ ទី២-ដីខ្សាច់​ ដែលត្រូវយកមកចាក់ផ្ទិត គឺត្រូវទៅដឹកនៅឯខេត្តតាកែវ ដោយសារតំបន់រងគ្រោះ និងនៅក្បែតំបន់រងគ្រោះ ពុំមានដីខ្សាច់ និងទី៣-ស្ថានភាពផ្លូវ លើខ្នងទំនប់តូចតម្រូវឲ្យរថយន្ដបែន ត្រូវបើកថយក្រោយដើម្បីចាក់ដី ពេលខ្លះជាប់ផុងព្រោះតែដីជ្រាយ។

លោក ចាន់ យុត្ថា បានបញ្ជាក់ថា «នៅម៉ោង៦ល្ងាចម្សិលមិញ តាមតភ្ជាប់ទំនប់នៅសល់៦ម៉ែត្រ ហើយយើងចង់បញ្ចប់នៅយប់មិញ ប៉ុន្ដែដោយសារមានបញ្ហា និងផលលំបាកទាំងនេះ ទើបក្រុមការងារ អាចបញ្ចប់បាននៅរសៀលថ្ងៃនេះ»

សម្រាប់ស្ថានភាពជំនន់ទឹកភ្លៀងវិញ មានការធូរស្រាល និងអាចគ្រប់គ្រងបានដោយសារតែ ការរំដោះទឹកធ្វើឡើងមួយកង់ៗ។ នេះបើតាមអ្នកនាំពាក្យ។ លោកបញ្ជាក់ថា «ស្ថានភាពទឹកជំនន់មិនមានបញ្ហាអ្វីទៀតឡើយ ដោយសារនៅខាងលើ យើងកំពុងរំដោះទឹកមួយកង់ៗ និងព្យាយាមទំលាក់ចូល ទៅទន្លេបាសាក់ ពោលយើងអាចគ្រប់គ្រងស្ថានការបានហើយ»

សូមបញ្ជាក់ថា ដោយសារជំនន់ទឹកភ្លៀងដែលបានហូរធ្លាក់ពីខេត្តកំពង់ស្ពឺ ធ្វើឲ្យស្ទឺងព្រែកត្នោត នៅក្នុងខណ្ឌដង្កោ ឡើងយ៉ាងខ្លាំងរហូតច្រះទំនប់សណ្ដរ ហើយហូរកាត់ផ្ដាច់ ចាក់ទឹកលិចស្រូវរបស់ប្រជាពលរដ្ឋ និងផ្ទះសម្បែងជាច្រើនខ្នង រហូតគ្រួសារខ្លះ ត្រូវបានអាជ្ញាធរខណ្ឌដង្កោ ជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាពទៀតផង។ យ៉ាងណាក៏ដោយ អាជ្ញាធរ បានអះអាងថា សម្រាប់គ្រោះជំនន់ទឹកភ្លៀង នាពេលកន្លងទៅនេះ និងរហូតមកដល់ថ្ងៃនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់ ស្លាប់នោះទេនៅក្នុងខណ្ឌដង្កោ៕