(បន្ទាយមានជ័យ)៖ រឿងអាស្រូវចោរលួចលុយពីក្នុងរថយន្ត ដែលចតនៅផ្សាររ៉ុងក្លឿ ប្រទេសថៃយកបានចំនួន ៥៤មុឺនបាត ក្រោយមកសមត្ថកិច្ចកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ស្រាវជ្រាវចាប់ចោរលួច និងដកហូតលុយបានមកវិញក៏លួចតពីចោរ តែត្រូវបែកការណ៏នោះ ឥឡូវរឿងអាស្រូវនេះបានឈានទៅដល់ការឃាត់ និងឃុំខ្លួនមន្ត្រីអាវុធហត្ថ ក្រុងប៉ោយប៉ែតចំនួន ៤នាក់ហើយ គឺមេបញ្ជាការរង ក្រុង២នាក់ និងមន្ត្រីចំនួន២នាក់។
តាមព័ត៌មានបានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន៤នាក់ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យចេញដីកា បង្គាប់អោយនាំខ្លួន និងត្រូវបាននាំខ្លួនយកទៅប្រគល់អោយ អយ្យការសាកសួរកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ពីបទពាក់ព័ន្ធករណីបាត់លុយភស្តុតាង ដែលដកហូតបានពីអំពើចោរកម្ម។
មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែត ដែលត្រូវបានឃាត់ខ្លួននោះរួមមាន៖ ទី១.ឈ្មោះ តែម ប៊ូឡា ពាក់សក្តិ៣ មានឋានៈជាមេបញ្ជាការរងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ទី២.ឈ្មោះ រស់ សាហាន ពាក់សក្តិ៣ មានឋានៈជាមេបញ្ជាការរង កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ទី៣.ឈ្មោះសំ សូណែល និងទី៤.ឈ្មោះ ច័ន្ទ ហាវ ដោយ ទាំង ២នាក់នេះ មានឋានៈជាមន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។
ការឃាត់ខ្លួនមន្ត្រីកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតទាំង ៤នាក់នេះ តាមប្រភពព័ត៌មានបានបង្ហើបអោយដឹងថា គឺដោយសារ ពាក់ព័ន្ធករណីចោរលួចលុយ នៅក្នុងរថយន្តដែលម្ចាស់ចតចោរភ្លេចចាក់សោ នៅផ្សាររ៉ុងក្លឿ ក្នុងទឹកដីថៃ ក្បែរមាត់ច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែតចំនួនជាង ៥៤ម៉ឺនបាត តែពេលជនរងគ្រោះទៅប្ដឹង សមត្ថកិច្ចអោយជួយស្វែងរកចោរ មួយថ្ងៃក្រោយមកក៏ត្រូវ មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយឈ្មោះ តែម ប៊ូឡា តាមចាប់បានចោរនិងដកហូតលុយមកវិញ តែមន្ត្រីអាវុធហត្ថខាងលើ ក៏ដកហូតយកលុយមួយចំនួនទុក និងនៅសល់លុយចំនួន ១៣៦,៧៥០បាត ក៏ប្រគល់អោយទៅជនរងគ្រោះវិញ តែក៏ត្រូវជនសង្ស័យឆ្លើយសារភាព ទើបជនរងគ្រោះប្ដឹងឈានទៅដល់ការឃាត់ខ្លួនតែម្ដងទៅ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ មានជនរងគ្រោះឈ្មោះ តាន់ សុផៃ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅក្រុង ប៉ោយប៉ែតបានបាត់លុយ ដែលទុកនៅក្នុងរថយន្តចំនួន ៥៤ម៉ឺនបាត ខណៈភ្លេចចាក់សោទ្វាររថយន្ត ដែលទុកនៅក្នុងផ្សាររ៉ុងក្លឿ ប្រទេសថៃ ។
ក្រោយពេលជនរងគ្រោះបាត់លុយ នៅក្នុងរថយន្ត ក៏បានប្តឹងទៅកម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតអោយជួយ អន្តរាគមន៍ ហើយមន្ត្រីអាវុធហត្ថដែលដឹកនាំដោយ លោកអនុសេនីយ៍ឯក តែម ប៊ូឡា មេបញ្ជាការរងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត និងលោកអនុសេនីយ៍ឯក រស់ សាហាន មេបញ្ជាការរងដូចគ្នាព្រមទាំង កម្លាំងពីរនាក់ទៀត រួមមានឈ្មោះ សំ សូណែល និងឈ្មោះ ច័ន្ទ ហាវ បានចុះស្រាវជ្រាវចាប់ចោរបានជាបន្តបន្ទាប់ ចំនួន៣នាក់ និងរឹបអូសវត្ថុតាងរួមមានលុយ ចំនួន១៣៦,៧៥០បាត នៅល្ងាច ម៉ោង៥ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលស្ពានក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំង៣នាក់រួមមានទី១.ឈ្មោះ រី ខន ភេទប្រុស អាយុ៣១ឆ្នាំ ទី២.ឈ្មោះ ឯម ចាន់ថន ភេទប្រុស អាយុ២៩ឆ្នាំ ទី៣.ឈ្មោះ វឿន វ៉ាន់ ភេទប្រុស អាយុ២៤ឆ្នាំ ដោយជនសង្ស័យទាំង៣នាក់ស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ និងក្រុងប៉ោយប៉ែត។
ក្រោយពេលដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន ជនសង្ស័យទាំង៣នាក់ និងរកឃើញលុយនៅសល់ចំនួន១៣៦,៧៥០បាត ប្រគល់ជូនម្ចាស់ ឈ្មោះ តាន់ សុផៃ វិញកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ តែនៅបាត់លុយអស់ ចំនួន ៤០៣,២៦០បាតទៀត និងដោយយោងតាម ចម្លើយសារភាពពីជនសង្ស័យថាលុយដែលបាត់គឺពាក់ព័ន្ធនឹងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលបង្ក្រាបគឺជាអ្នកដកហូតយក ទើបមានការប្ដឹងធ្វើការស្រាវជ្រាវ និងឈានដល់តុលាការខេត្ត ចេញដីកាឃាត់ខ្លួនកម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតទាំង៤នាក់ ដែលមានមេបញ្ជាការរង កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ២នាក់និងមន្ត្រីចំនួន២នាក់ នៅថ្ងៃទី២០ ខែតុលាឆ្នាំ២០១៦ នៅក្រុងប៉ោយប៉ែត ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះរងចាំ ធ្វើការស្រាវជ្រាវបន្ត។
ពាក់ព័ន្ធករណីឃុំខ្លួនមន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែត ទាំង ៤រូបដែលជាប់ចោទក្នុងរឿងចោរកម្ម ចោរលួចលុយជាង៥០មុឺនបាតនេះ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ ភ្នាក់ងារ fresh news មិនអាចសុំការបញ្ជាក់ពី លោកព្រះរាជអាជ្ញាមាស ចាន់ពិសិដ្ឋ បានទេ ព្រោះទូរស័ព្ឌរបស់លោក មិនអាចទាក់ទងបាន៕