(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅដល់ប្រជាពលរដ្ឋ ដែលទៅរកសេវាប្តូរ ឬពន្យាបណ្ណបើកបរនៅផ្សារទំនើបអ៉ីអន (AEON Mall) កុំព្យាយាមប្រើលុយសូកប៉ាន់មន្រ្តីធ្វើជាថ្នូរបំពាននីតិវិធី ឬរំលងនីតិវិធី។
សំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើឡើងបន្ទាប់ពីមានអ្នកទៅរកសេវាប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអន បានព្យាយាមឲ្យលុយទៅមន្រ្តីបម្រើសេវានៅទីនោះអនុគ្រោះ និងជួយសម្រួលលក្ខខណ្ឌក្នុងការប្តូរបណ្ណបើកបរជូនពួកគេ (មានដូចក្នុងវីដេអូ ដែលមន្រ្តីក្រសួងបានថតបង្ហាញនៅខាងក្រោម)។
មន្រ្តីក្រសួងសាធារណការមួយរូប បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh Newsថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ មានបុរសម្នាក់បានទៅស្វែងរកសេវាប្តូរបណ្ណបើកបររបស់ខ្លួន តែភ្លេចយកបណ្ណបើកបរចាស់ទៅ។ ពេលនោះមន្រ្តីបម្រើសេវានៅផ្សារទំនើបអ៉ីអន បានទាមទារឲ្យបុរសនោះយកបណ្ណចាស់ទៅទើបគេធ្វើថ្មីជូន។
មន្រ្តីក្រសួងសាធារណការបន្តថា បុរសទៅស្វែងរកសេវាបានអះអាងថា ផ្ទះរបស់ខ្លួននៅឆ្ងាយ (ពោធិ៍ចិនតុង) ហើយមិនចង់ធ្វើដំណើរចុះ ឡើងជាថ្មីនោះ ក៏បានហុចលុយ ៥ម៉ឺនរៀលឲ្យទៅមន្រ្តីបម្រើសេវាជួយសម្រួលចេញបណ្ណថ្មីជូនរូបគេ ដោយមិនចាំបាច់យកបណ្ណចាស់នោះទេ។ តែទោះជាយ៉ាងណាមន្រ្តីបម្រើសេវា មិនបានព្រមតាមសំណូមពររបស់បុរសម្នាក់នោះឡើយ ហើយនៅតែទាមទារឲ្យបុរសនោះ ទៅយកបណ្ណបើកបរចាស់មកបំពេញតាមនីតិវិធី និងលក្ខខណ្ឌទើបចេញបណ្ណថ្មីជូន។
បើតាមមន្រ្តីក្រសួងសាធារណការទង្វើបែបនេះមិនមែនទើបមានមួយករណី គឺមានច្រើនលើកច្រើនសារមកហើយ។
ក្រសួងសាធារណការនៅថ្ងៃទី២៣ ខែតុលា ម្សិលមិញនេះ បានចេញអំពាវនាវសាធារណជនទាំងអស់ចូលរួមធ្វើកំណែទម្រង់ក្នុងការផ្តល់សេវាសាធារណៈជាមួយរាជរដ្ឋាភិបាល ក៏ដូចជាមួយក្រសួងសាធារណការ។ «សូមកុំយកលុយ សូកប៉ាន់មន្ត្រីដើម្បីធ្វើរំលងនីតិវិធីច្បាប់! ចូលរួមទាំងអស់គ្នាដើម្បីធ្វើកំណែទម្រង់សេវាសាធារណៈ!»។
ក្រសួងសាធារណការ ក៏បានអរគុណដល់មន្ត្រីនៅគ្រប់អង្គភាព ដែលបានខិតខំប្រឹងប្រែងបម្រើការងារជូនប្រទេសជាតិ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាពិសេសមន្រ្តីផ្តល់សេវាប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើប AEON Mall ដែលខិតខំធ្វើការ បម្រើប្រជាពលរដ្ឋមិនថាយប់ថ្ងៃ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអន ត្រូវបានដាក់ឲ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ដោយបើកដំណើរការចាប់ពីម៉ោង ៩ព្រឹក ដល់ ១០យប់ ហើយធ្វើ ៧ថ្ងៃក្នុង១សប្តាហ៍។ មជ្ឈមណ្ឌលនេះទទួលបានការសារទរខ្លាំងពីប្រជាពលរដ្ឋ ព្រោះជាដំណោះស្រាយក្នុងការផ្តល់សេវាលើការប្តូរ និងពន្យារបណ្ណបើកបរបានកាន់តែប្រសើរមិនធ្លាប់មានពីមុនមក។
យោងតាមរបាយការណ៍របស់ក្រសួងបានឲ្យដឹងចាប់តាំងពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៤ ខែតុលា មជ្ឈមណ្ឌលនេះ បានប្តូរ និងពន្យារបណ្ណបើកបរជូនប្រជាពលរដ្ឋខ្មែរបាន ១៦,០៩០បណ្ណ៕