(ភ្នំពេញ)៖ លោក ប៉ាវ ផល្លា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្ដាល ត្រូវបានថ្នាក់លើសំរេចដកចេញពីតំណែង និងធ្វើពិធីប្រកាសដក និងដាក់អ្នកថ្មីជំនួសហើយ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦នេះ។
ពិធីប្រកាសផ្លាស់ប្ដូរប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្ដាលនេះ ត្រូវបានធ្វើឡើងនៅសាលាខេត្តកណ្ដាល ក្រោមវត្តមាន លោក ឆាន់ សាផាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងប្រធានក្រុមប្រឹក្សាភិបាលខេត្ត អភិបាលនៃគណៈអភិបាលខេត្ត កណ្ដាល រួមទាំងមន្ត្រីមន្ទីរអង្គភាពជុំវិញសាលាខេត្តជាច្រើនរូបទៀត។
យោងតាមប្រកាសរបស់ក្រសួងបានសំរេចផ្លាស់ លោក ប៉ាវ ផល្លា ចេញពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកណ្ដាល ទៅធ្វើការនៅអង្គភាពផ្សេង និងបានតែងតាំង លោក លឹម ចាន់សុភី ដែលជាអនុប្រធានមន្ទីរទទួលបន្ទុកផ្នែកសំណង់ ឡើងកាន់តំណែងជំនួស។
ថ្លែងនៅក្នុងពិធីផ្លាស់ប្ដូរនោះ គណៈអធិបតីបានចាត់ទុកថាការផ្លាស់ប្ដូរមន្ត្រីគឺជារឿងធម្មតា ដើម្បីពង្រឹងការងារអង្គភាពមន្ទីរអោយមានការ រីកចំរើនហើយក៏មិនមែនមានន័យថា ប្រធានមុនមានកំហុស ទើបផ្លាស់ប្ដូរនោះដែរ។ ប៉ុន្តែតាមប្រភពដែលគេខ្សឹបខ្សៀវគ្នា ក្រោយការប្រកាសផ្លាស់ប្ដូរចប់បានអះអាងថា លោក ប៉ាវ ផល្លា កាលនៅកាន់តំណែង គាត់មានរឿងអាស្រូវជាច្រើន ជាពិសេស ពាក់ព័ន្ធការចេញ បណ្ណកម្មសិទ្ធិលើដីមិនប្រក្រតី ដីកំពុងមានទំនាស់ជាដើម ជាពិសេសដីទំនាស់ ដោះស្រាយមិនទាន់ចប់នៅស្រុកកៀនស្វាយ តែម្ដង៕