(ភ្នំពេញ)៖ អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាស់តឿនទៅអាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់បោសសំអាតសំរាមនៅតាមទីសាធារណៈនានា ជាពិសេសសូមកុំនាំគ្នាសំអាតតែពេលថ្នាក់ដឹកនាំឆ្លងកាត់។
ការដាស់តឿនបែបនេះរបស់អភិសន្ដិបណ្ឌិត ស សុខា បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព»។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានដាស់តឿនយ៉ាងដូច្នេះថា៖ «កុំចាំបាច់តែថ្នាក់ដឹកនាំគាត់ឆ្លងកាត់ បញ្ហារឿងសំរាមនេះថ្វីត្បិតតែយើងគ្រប់គ្រងបានល្អនៅតាមទីប្រជុំជន ប៉ុន្តែ ខេត្តដែលនៅជាយៗក្រុងថ្មីៗនេះខ្ញុំបានចុះទៅខេត្តបាត់ដំបង ជាយៗក្រុង គឺថាសំរាមមិនទាន់គ្រប់គ្រងបានល្អនៅឡើយទេ ប្រជាពលរដ្ឋគាត់បោះចោលពាសវាលពាសកាល នៅតាមមាត់បឹង មាត់អូរ»។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានគូសបញ្ជាក់ថា រឿងសំរាមនេះនៅតែជាបញ្ហាប្រឈម ដូច្នេះ សូមអាជ្ញាធរទាំងអស់គួរតែពិនិត្យ និងពង្រីកការគ្រប់គ្រងសំរាម សំណល់រឹង រាវ ជាដើម ឱ្យបានគ្រប់មូលដ្ឋាន ជាពិសេសនៅតាមបណ្តាស្រុកក្នុងក្របខណ្ឌទូទាំងប្រទេស។
ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្ថែមថា៖ «ខ្ញុំសូមឱ្យរដ្ឋបាលរាជធានី ខេត្តទាំងអស់ ជាពិសេសខេត្តជាប់ផ្លូវជាតិ កុំចាំបាច់តែថ្នាក់ដឹកនាំគាត់ឆ្លងកាត់ ខ្ញុំបានលើកឡើងហើយថា បើប្រជាពលរដ្ឋគាត់ចូលរួម បន្តិចៗម្នាក់ សំអាតមុខផ្ទះ ឬដីទំនេរ ក្នុង១អាទិត្យ ខ្ញុំគិតថាយើងសំអាតម្តង អត់មានសំរាមរញ៉េរញ៉ៃនោះទេ»។
ត្រង់ចំណុចនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា ដើម្បីឱ្យបរិស្ថានស្អាត មិនមានសំរាមបោះចោលពាសវាលពាសកាលនៅតាមទៅសាធារណៈ គឺអាជ្ញាធរនេះតែម្តង ធ្វើការជំរុញគ្រប់គ្រងរឿងអនាម័យបរិស្ថាន នៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន ដូច្នេះ ចំពោះបញ្ហាសំរាម គឺទាមទារឱ្យមានការចូលរួមទាំងអស់គ្នា។
គួរឱ្យដឹងថា ក្រសួងបរិស្ថាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានអ្នកចូលរួមជិត១០លានអង្គ/នាក់។ ទន្ទឹមនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តទូទាំងប្រទេស បានចាត់ចែង រៀបចំនូវយុទ្ធនាការនេះ នៅតាមសាលា ចំណេះទូទៅផងដែរ ដោយប្តេជ្ញា ពីការមិនប្រើប្រាស់ ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដែលបានចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។
ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការមួយបន្ថែមទៀតគឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ មួយភូមិ ឬ មួយឃុំ ឬ មួយស្រុក ឬ មួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ យ៉ាងតិច១ថ្ងៃ ក្នុង ១សប្តាហ៍ ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ ប្រមាណ ៤លាន អង្គ/នាក់។
ជាមួយនេះដែរ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការ ផ្លូវជាតិស្អាត គ្មាសំរាមប្លាស្ទិក» ក្នុង គោលបំណងដើម្បីឱ្យបណ្តាក្រុង ស្រុក ខណ្ឌ នៅតាមដងផ្លូវជាតិគោលដៅ មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយ ហើយតាមរយៈយុទ្ធនាការនេះ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅ ក្នុងការប្រែក្លាយសកម្មភាពអនុវត្តជាក់ស្តែង នឹងប្រែក្លាយទៅជាចលនាអនុវត្តជាប្រចាំ ជំរុញឱ្យប្រជាពលរដ្ឋ មានទម្លាប់ល្អ នៅក្នុងការរក្សាភាពស្អាត។
ក្នុងឆ្នាំ២០២៤ យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា បានកាត់បន្ថយ ការនាំចូលប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅធៀបនឹងឆ្នាំ២០២៣ បានចំនួន៨៤% និងកាត់បន្ថយការនាំចូលប្លាស្ទិក ប្រើប្រាស់ក្នុងចង្វាក់ផលិតកម្មធៀបនឹង ឆ្នាំ២០២៣ បានចំនួន ៧៣,៤៥% និងកាត់បន្ថយសំរាម/ប្លាស្ទិក រាយប៉ាយ តាមដងផ្លូវក្នុងខេត្តចំនួន១១ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ២០២៣។
ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញលើកទឹកចិត្ត ដល់អាជ្ញាធរ អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ បន្តអនុវត្តជាប្រចាំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ រើសនិងប្រមូលសំរាម សំណល់ប្លាស្ទិកដែលជាការបង្ហាញពី ការគាំទ្រ ការចូលរួម និងការលើកទឹកចិត្តដល់ក្រសួងបរិស្ថាន ក្នុងការអនុវត្តភារកិច្ចទទួលខុសត្រូវលើការ គ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថាន និងស្នើឱ្យរដ្ឋបាលខេត្តរក្សាភាពស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិកនេះបានជានិរន្តរ៍ក្នុងខេត្ត៕