(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌមានជ័យ និងអង្គការមូលនិធិឆឺជី-កម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ បានបន្តនាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកភ្លៀង ជន់លិចផ្ទះសម្បែងចំនួន ១៥៩គ្រួសារ រស់នៅតាមសហគមន៍ទាំង៨ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សកម្មភាពមនុស្សធម៌នាំអំណោយផ្តល់ ជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះដឹកនាំដោយ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ និងលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ និងមានការចូលរួមពីក្រុមយុវជន ស.ស.យ.ក ខណ្ឌ និងសង្កាត់ផងដែរ។ ក្នុងនោះបានចែកជាក្រុមៗ ដើម្បីចុះផ្ទាល់ដល់ខ្នងផ្ទះតែម្តង។
ខណៈចុះពិនិត្យពីការរស់នៅរបស់ប្រជាសហគមន៍តាមខ្នងផ្ទះនេះ លោក ពេជ្រ កែវមុនី ត្រូវបានប្រជាជនស្វាគមន៍ យ៉ាងរាក់ទាក់កក់ក្តៅ និងថ្លែងរៀបរាប់ពីការរស់នៅក្នុងសហគមន៍មាន ភាពរីករាយ ដែលមានអាជ្ញាធរតែងតែចុះ មកសួរសុខទុក្ខពួកគាត់ផ្ទាល់បែបនេះ។ ជាកិច្ចឆ្លើយតបលោកអភិបាលខណ្ឌ បានទទូចដល់បងប្អូនប្រជាជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅកុំឲ្យ ចុះលេងទឹក និងសូមរស់នៅប្រកបដោយអនាម័យ បរិស្ថានល្អ កុំចោលសម្រាមដាក់ ក្នុងប្រឡាយវាអាចនាំឲ្យកកស្ទះចរន្តទឹកហូរ ហើយបណ្តាលឲ្យជន់លិច លំនៅឋានបងប្អូនវិញ។
លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានឲ្យដឹងថា សកម្មភាពរបស់អង្គការអង្គការមូលនិធិ ឆឺជី-កម្ពុជា ដែលបានសហការជាមួយអាជ្ញាធរខណ្ឌមានជ័យនេះ បាន៩លើកមកហើយ ដែល នាំយកអំណោយសប្បុរសជន មកចែកជូនបងប្អូនរងគ្រោះ ក្នុងមូលដ្ឋានខណ្ឌមានជ័យ។
លោក ឆុង មីងជឺ ប្រធានអង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា បានឲ្យដឹងថា អង្គការនេះបានចូលមកដល់កម្ពុជា ក្នុងដើមឆ្នាំ ២០១១ ហើយគិតមកត្រឹមពេលនេះ ឆឺជី មានអាយុកាល ៦ឆ្នាំហើយនៅក្នុងប្រទេសមួយនេះ។ មូលនិធិ ឆឺជី បង្កើតឡើង ក្នុងគោលបំណងសំដៅទៅរកដំណោះស្រាយក្នុងការដោះទុក្ខលំបាករបស់ ប្រជាជនមិនថា ក្នុងតំបន់អាស៊ី ឬអឺរ៉ុបឡើយ។ អង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា អាចដំណើរការជួយបងប្អូនទៅបាន គឺដោយមានការចាំផ្គត់ផ្គង់ជំនួយជាបន្តបន្ទាប់ពី ភិក្ខុនី ដែលរស់នៅក្រៅប្រទេស ដូចជា តៃវ៉ាន់ និងចិនជាដើម។
ជាមួយគ្នានេះ លោក ពេជ្រ កែវមុនី បានថ្លែងថា ក្នុងនាមអាជ្ញាធរខណ្ឌ លោកពិតជាមានក្តីសោមនោសរីករាយយ៉ាងក្រៃលែង ចំពោះ អង្គការមូលនិធិពុទ្ធសាសនា ឆឺជី-កម្ពុជា ដែលបាន យកចិត្តទុកដាក់គិតគូរពីសុខទុក្ខលំបាករបស់ ប្រជាពលរដ្ឋកម្ពុជា ក្នុងខណ្ឌមានជ័យរបស់យើង។ អំណោយដែលត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋ យើងនៅពេលនេះ គឺជាសក្ខីភាព មួយដែល ស បញ្ជាក់អោយឃើញថា ជាការជួយសង្គ្រោះដោយគ្មានការ ប្រកាន់ទៅលើពណ៌សប្បុរ ឬ សាសនា ឡើយ ពោល ធ្វើឡើងដោយទឹកចិត្តអាណិត ស្រាលាញ់ រាប់អាន ជាទីបំផុត គ្មានគិតគុណគូរលើផលតបស្នងអ្វីទាំងអស់ ៕