(មណ្ឌលគិរី)៖ លោក គ្រី ឡាយហុក វិស្វកររ៉ែ ប្រចាំក្រុមហ៊ុនអូស្រ្ដាលី Renaissance Minerals (Cambodia) Limited ដែលមានរណ្ដៅរ៉ែមាសសរុបចំនួន៧រណ្ដៅ បានបង្ហាញពីជំហានៗនៃការចម្រាញ់រ៉ែមាសរាប់ចាប់តាំងពីការសិក្សាដីរករ៉ែមាស រហូតដល់ដំណើរការនៃការលាយរ៉ែមាស រហូតដល់ក្លាយទៅជាមាស ៩០% ដើម្បីអាចលក់ចេញទៅក្រៅប្រទេស។

គម្រោងអាជីវកម្មរ៉ែមាសនៅកម្ពុជា បច្ចុប្បន្នកំពុងដំណើរការ ១១គម្រោង ក្នុងនោះ ៧គម្រោងកំពុងប្រត្តិបត្តិការទាញយករ៉ែពេញលេញចាប់តាំងពីឆ្នាំ២០២១ ដោយក្រុមហ៊ុនអូស្រ្ដាលី Renaissance Minerals (Cambodia) Limited ហើយ ៤គម្រោងទៀតកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនៅឡើយ។ បើគិតត្រឹមចុងឆ្នាំ២០២៤ សួយសាររ៉ែមាសប្រមាណ ៣០លានដុល្លារអាមេរិក ត្រូវបានប្រមូលចូលរដ្ឋ។

សូមជម្រាបថា ក្រុមហ៊ុនអូស្រ្ដាលី Renaissance Minerals (Cambodia) Limited មានគម្រោងអាជីវកម្មទ្រង់ទ្រាយធំខ្នាតអន្តរជាតិ ដោយមានផែនការពង្រីកវិសាលភាពអាជីវកម្មដូចជា៖ គម្រោងនៅតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី គ្រោងនឹងបន្ថែមអាយុអាជីវកម្មពី ៨ឆ្នាំ ទៅ ២០ឆ្នាំ ដោយគ្រោងប្រើប្រាស់អណ្តូងរ៉ែក្រោមដី និងគ្រោងអភិវឌ្ឍអាជីវកម្មរ៉ែមាសមួយគម្រោងបន្ថែមទៀតនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលអាចផលិតមាសប្រមាណ ៣តោនក្នុងមួយឆ្នាំ។

ការបង្ហាញពីដំណើរការនៃការជីករ៉ែមាស នៅក្នុខេត្តមណ្ឌលគិរីនេះ ធ្វើឡើងនៅក្នុងដំណើរនេះជាបេសកកម្មលើកទី៧ របស់ក្លឹបអ្នកកាសែតកម្ពុជា ទៅកាន់ទីតាំងការដ្ឋានឧហ្សាហកម្មរ៉ែ រួមនិងតំបន់សក្តានុពលនានារបស់ខេត្តមណ្ឌលគី និងខេត្តក្រចេះ៕