(ភ្នំពេញ)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានប្រកាសជាថ្មីថា រហូតមកដល់ពេលនេះអាហារូបករណ៍ នៅសល់តែ២០០កន្លែងទៀតប៉ុណ្ណោះ ក្នុងចំណោមអាហារូបករណ៍១០០០កន្លែង ដែលកញ្ញា ប្រកាសប្រគល់ជូនសិស្សក្រីក្រ ទាំងសិស្សជាប់ និងធ្លាក់បាក់ឌុប កាលពីពេលកន្លងមក។
កញ្ញា ធី សុវណ្ណថា ក៏បានអំពាវនាវឲ្យសិស្ស-និស្សិត ជាពិសេសសិស្សក្រីក្រ ដែលត្រូវការអាហារូបករណ៍ សូមអញ្ជើញមកទទួលយកអាហារូបករណ៍នេះ ឲ្យបានឆាប់រហ័ស។
យោងតាម Facebook Page ផ្លូវការកញ្ញា ធី សុវណ្ណថា បានបញ្ជាក់ឲ្យដឹងថា «សរុប១០០០កន្លែងនាងខ្ញុំ បានផ្តល់ជូនសិស្សក្រីក្រទាំងសិស្សជាប់ និងធ្លាក់បាក់ឌុប (បរិញ្ញាបត្រ និងបរិញ្ញាបត្ររង) ដែលចង់រៀនបន្តសាកលវិទ្យាល័យធំៗ នៅរាជធានីភ្នំពេញ និងមានផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃ។ សូមទំនាក់ទំនង (បន្ទាន់) Tel: ០៩៣ ២០១ ២២២ / ០៩៣ ២០៣ ២២២»។
កញ្ញា ធី សុវណ្ណថា បានប្រកាសផ្តល់អាហារូបករណ៍១០០០កន្លែង ជូនដល់សិស្សក្រីក្រ ដែលចង់រៀនបន្តសាកលវិទ្យាល័យធំៗ នៅរាជធានីភ្នំពេញ។ ក្នុងចំណោមអាហារូបករណ៍១០០០កន្លែង រួមមាន៤៩០កន្លែង សម្រាប់សិស្សធ្លាក់បាក់ឌុប សិក្សាថ្នាក់ បរិញ្ញាបត្ររង២ឆ្នាំ, ៤៩០កន្លែងសម្រាប់សិស្សជាប់បាក់ឌុប សិក្សាថ្នាក់បរិញ្ញាបត្រ៤ឆ្នាំ និង២០កន្លែងទៀត សិក្សាលើបរិញ្ញាបត្រសុខាភិបាលពេទ្យ សម្រាប់សិស្សជាប់និទ្ទេស A,B,C, និង D ដោយមានការផ្តល់ ជូនកន្លែងស្នាក់នៅដោយឥតគិតថ្លៃ៕