Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ បិទចរាចរណ៍បណ្ដោះអាសន្នផ្លូវបេតុងលូប្រាំ ឆ្លងកាត់ប្រឡាយភូមិម័ល ចាប់ពីដើមសប្ដាហ៍ក្រោយ រហូតដល់ចុងខែមេសា ដើម្បីពង្រីកស្ថានីយបូមទឹកលូប្រាំ

14-02-2025 22:01

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះ គម្រោងសាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកលូប្រាំ ដោយបំពាក់បន្ថែមម៉ូទ័រ បូមទឹក មុខកាត់ ១,៥ម៉ែត្រ ចំនួន២គ្រឿង និងមុខកាត់១ម៉ែត្រ ចំនួន១គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ម៉ែត្រគូប ក្នុង១វិនាទី។ បច្ចុប្បន្នការងារសាងសង់ស្ថានីយនេះ ដល់ដំណាក់កាលសង្កត់គ្រឹះ ដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញនៅក្រោមផ្លូវបេតុងលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដើម្បីឲ្យដំណើរការគម្រោងនេះ បានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវបេតុងលូប្រាំ ឆ្លងកាត់ប្រឡាយភូមិម័លជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទីល្ងាច។ ផុតរយៈពេលខាងលើ ផ្លូវបេតុងនេះ នឹងដាក់ឲ្យដំណើរការចរាចរណ៍ឡើងវិញ។

សូមសាធារណជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ និងធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យ ចំពោះការរំខាន ដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយដើម្បីសម្រួលឲ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់៕