(ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់សម្តេច​នាយក​រដ្ឋមន្ត្រី បានអះអាងថា ការចំណាយថវិកាផ្សព្វផ្សាយតាមបណ្តាញ​សង្គមហ្វេសប៊ុករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុងគោលបំណងរុញព័ត៌មាននានាឱ្យដល់ដៃប្រជាពលរដ្ឋកាន់តែ​ទូលំ​ទូលាយ។ ការចំណាយថវិកាផ្សព្វផ្សាយបែបនេះ មិនខុសពីមេដឹក​នាំ​នានា​លើពិភពលោក ក៏ដូចជាអ្នកធ្វើធុរកិច្ចនោះឡើយ។ ថវិកាដែល​ចំណាយ​លើការ​ផ្សាយនេះ មិនមែនជាថវិកាជាតិនោះឡើយ។

ការបំភ្លឺរបស់ក្រុមអ្នកនាំពាក្យសម្តេចនាយករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពី​មាន​ការផ្សព្វផ្សាយពីសំណាក់ព័ត៌មាននៅក្រៅប្រទេស ពាក់ព័ន្ធរបាយ​ការណ៍នៃការចំណាយថវិកាលើការផ្សព្វផ្សាយព័ត៌មាននានាតាមបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី។

បើតាមលោក មាស សុភ័ណ្ឌ ការចំណាយថវិកាសម្រាប់​ការ​ផ្សាយ​ព័ត៌មាន​របស់សម្តេចមហាបវរធិបតី មិនមែនទើបតែកើតមាននាពេលបច្ចុប្បន្ន​នោះឡើយ ពោលបានធ្វើជាយូរមកហើយ។

លោក មាស សុភ័ណ្ឌ បានអះអាងថា ថវិកាដែលចំណាយលើការផ្សព្វ​ផ្សាយ​នេះ ពុំបានប្រើប្រាស់ថវិកាជាតិនោះឡើយ ហើយការផ្សព្វផ្សាយនេះទៀតសោត ក៏ពុំមែនជាការធ្វើប្រជាភិថុតិ ដូចការចោទប្រកាន់របស់ក្រុមជនអគតិមួយចំនួននោះដែរ។

លោក មាស សុភ័ណ្ឌ បានចាត់ទុកការលើកឡើងរបស់ក្រុមជនអគតិពាក់ព័ន្ធការចំណាយថវិកាលើការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់សម្តេចនាយករដ្ឋមន្ត្រី គឺបានបង្កប់នូវចេតនាទុច្ចរិត ដែលនាំឱ្យប្រជាជនមានការយល់ច្រឡំមក​លើរាជរដ្ឋាភិបាល ដើម្បីតែបម្រើផលប្រយោជន៍នយោបាយរបស់​ក្រុមគេតែប៉ុណ្ណោះ៕