(ភ្នំពេញ)៖ និស្សិតកម្ពុជាចំនួន៤រូប ដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានជាប់ពានរង្វាន់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេងប្រចាំប្រទេសកម្ពុជា របស់មូលនិធិហុងដារ។
ថ្លែងក្នុង«ពិធីប្រគល់រង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេងឆ្នាំ២០២៤» នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា លទ្ធផលដែលទទួលបានរបស់ប្អូនៗជ័យលាភីទាំង៤រូបនៅពេលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងព្យាយាមរៀនសូត្ររបស់ប្អូនៗផ្ទាល់ និងយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានកំពុងយកចិត្តទុកដាក់ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអប់រំនៅក្នុងប្រទេស ជាពិសេសការពង្រឹង និងជំរុញលើកកម្ពស់គុណភាព ការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM)ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន និងការអវិឌ្ឍរបស់ប្រទេសកម្ពុជា និងពិភពលោកនាពេលបច្ចុប្បន្ន។
លោកបន្ថែមថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួង ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្សជំនាញផ្នែក STEM ដើម្បីលើកកម្ពស់ឋានៈពីប្រទេសមានចំណូលមធ្យមកម្រិតទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ខាងមុខនេះ។
លោកមានប្រសាសន៍ទៀតថា «ខ្ញុំជឿជាក់ថា ឆន្ទៈដ៏មុតមាំរបស់ប្អូនៗ គឺជាកំលាំងចលករមួយ សម្រាប់ត្រួសត្រាយមាគ៌ាជីវិតឆ្ពោះទៅកាន់ភាពឧត្តុង្គឧត្តម និងជាគំរូដ៏ល្អប្រពៃសម្រាប់និស្សិតជំនាន់ក្រោយៗទៀត។ ប្អូនៗគឺជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនដ៏ពិតប្រាកដ ដូច្នេះសូមប្អូនៗត្រៀមខ្លួនដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជាយើងឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាពនាពេលអនាគត»។
លោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ដោយគិតពីសារៈសំខាន់នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានេះហើយ បានជាក្នុងរយ:ពេលមួយទសវត្សចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាបណ្តាក្រសួង និងស្ថាប័នរដ្ឋនិងឯកជនជាច្រើនដទៃទៀត បានខិតខំព្យាយាមបន្ថែមទៀតដោយជំរុញបន្ថែមលើផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា (STEM)។ តាមរយៈកំណែទម្រង់កម្មវិធីសិក្សា កម្មវិធីប្រកួតប្រជែងស្រាវជ្រាវវិទ្យាសាស្ត្រ ការរៀបចំការតាំងពិពណ៍វិទ្យាសាស្ត្រ ជាដើម ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យទៅជាប្រទេសជឿនលឿនក្នុងឆ្នាំ២០៥០។
លោកបានថ្លែងអំណរគុណដល់មូលនិធិហុងដា ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងឧស្សាហកម្មក្នុងបណ្តាប្រទេសនៅតំបន់អាស៊ី។ លោកសង្ឈឹមយ៉ាងមុតមាំថា មូលនិធិហុងដា ក៏ដូចជារដ្ឋាភិបាលជប៉ុននឹងបន្តការជួយជ្រោមជ្រែងក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីហុងដា កម្មវិធីបណ្តុះបណ្តាលនានា និងកម្មវិធីអាហាររូបករណ៍ដទៃទៀតសម្រាប់ប្រទេសកម្ពុជាតទៅទៀត។
យុវជន អៀង គឹមតាំង និស្សិតដែលទើបបញ្ចប់ការសិក្សាផ្នែកកសិឧស្សាហកម្មជំនាញវិទ្យាសាស្រ្តអាហារ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម ដែលជាម្ចាស់ជយលាភីពានរង្វាន់នេះ បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យលោកទទួលពានរង្វាន់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេងប្រចាំប្រទេសកម្ពុជា របស់មូលនិធិហុងដារ បានបន្ទាប់ពីលោកបានបង្កើតគម្រោងស្រាវជ្រាវមួយ ទាក់ទងនឹងការកែច្នៃប្រហុក សម្រាប់ផ្គត់ផ្គង់ទីផ្សារប្រកបដោយសុវត្ថិភាព។
លោកបានលើកឡើងកម្មវិធីរង្វាន់ហុងដាសម្រាប់អ្នកវិទ្យាសាស្រ្ត និងវិស្វករវ័យក្មេង គឺជាកម្មវិធីល្អមួយ លើកទឹកចិត្តដល់យុវជនស្រាវជ្រាវផ្អែកលើកវិទ្យាសាស្រ្ត ដើម្បីផ្តល់ប្រយោជន៍ដល់សង្គមសេដ្ឋកិច្ច។
លោកបណ្ឌិត ឃឹម លាង លេខាធិការទូទៅ កម្មវិធីហុងដាប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា អស់រយៈពេល១៧ហើយកម្មវិធីរង្វាន់ហុងដាបានបង្កើតឡើង និងបានប្រព្រឹត្តទៅយ៉ាងរលូនដោយមានការចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហប្រតិបត្តិការយ៉ាងល្អពីស្ថាប័នពាក់ព័ន្ធ។ គិតមកទល់ពេលនេះ មាននិស្សិតចំនួន ៩៥៩នាក់ មកពីសាកលវិទ្យាល័យរដ្ឋចំនួនបី រួមមាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានចូលរួមដាក់ពាក្យប្រកួតប្រជែងដណ្ដើមពានរង្វាន់ហុងដានេះ។ ក្នុងចំណោមនោះ និស្សិតជ័យលាភីចំនួន ៦៨នាក់ ត្រូវបានជ្រើសរើសជាបេក្ខជនជ័យលាភី៕