(ភ្នំពេញ)៖ លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា បានបង្ហោះសារថ្កោលទោសចំពោះហេតុការណ៍បាញ់ប្រហារដែលបង្កដោយជនជាតិចិន នៅក្បែរអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ឯកអគ្គរដ្ឋទូតដែលមានរហ័សនាម អ្នកចម្បាំងចចករូបនេះ ក្រៅពីការថ្កោលទោសចំពោះជនបង្កដែលជាជនជាតិរបស់ខ្លួនហើយនោះ ក៏បានបង្ហាញនូវគាំទ្រដល់សមត្ថកិច្ចកម្ពុជា ក្នុងការផ្ដន្ទាទោសឲ្យបានធ្ងន់ធ្ងរចំពោះក្រុមជនល្មើសផងដែរ។

នៅលើទំព័រ Facebook លោក វ៉ាង វិនប៊ីន (Wang Wenbin) បានបញ្ជាក់យ៉ាងដូច្នេះថា «នារសៀលថ្ងៃទី១៤ ខែកុម្ភៈ មានការផ្ទុះករណីបាញ់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យើងខ្ញុំសូមថ្កោលទោសដល់ជនបង្កហេតុជាខ្លាំង! និងសូមគាំទ្រដល់សមត្ថកិច្ចកម្ពុជាក្នុងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរដល់ជនល្មើសនោះ!»។

សូមរំលឹកថា ខ្មាន់កាំភ្លើងជនជាតិចិនម្នាក់ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងចំណោមបក្ខពួកផ្សេងទៀត ពាក់ព័ន្ធករណីបាញ់ នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ការចាប់ខ្លួននេះធ្វើឡើងប៉ុន្មានម៉ោង ក្រោយកើតហេតុនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដកហូតឡានមែសឺដែសពណ៌ខ្មៅមួយគ្រឿងរបស់ជនល្មើសផងដែរ នៅបុរីហាយលែន ភូមិថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សូមជម្រាបថា ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ក្នុងហេតុការណ៍បាញ់ដោយខ្មាន់កាំភ្លើងជនជាតិចិននេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ៕