(ក្រចេះ)៖ ជនល្មើសប្រើឧបករណ៍ឆក់ត្រីនៅតំបន់អភិរក្សសត្វផ្សោតមួយរូប ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះសម្រេចឃុំខ្លួន ខណៈជនជាមុខសញ្ញាប្រើឧបករណ៍ឆក់ត្រីជាច្រើនរូបទៀត ខ្លះកំពុងរត់គេចខ្លួន និងខ្លះទៀត ស្ថិតក្រោមការស៊ើបអង្កេតរបស់កម្លាំងសមត្ថកិច្ច។
ជនល្មើសលួបលួចឆក់ត្រីនៅតំបន់អភិរក្សសត្វផ្សោត មានឈ្មោះ ថេត សុឃត ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកំពុងក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។ ជនល្មើសរូបនេះ បានធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍ឆក់ត្រីតាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្សផ្សោត និងជីវចម្រុះជលផល ត្រង់ចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ហើយត្រូវបានសមត្ថកិច្ចខេត្តក្រចេះ សហការជាមួយសមត្ថកិច្ចខេត្តស្ទឹងត្រែង ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនល្មើសរូបនេះ តាមបញ្ញត្តិមាត្រា៩៨ ខថាខណ្ឌ១ ចំណុច៤ នៃច្បាប់ស្តីពីជលផល។ ក្នុងមាត្រានេះ បានចែងថា ជនល្មើសត្រូវដាក់ពន្ធនាគារពី៣ឆ្នាំ ទៅ៥ឆ្នាំ។
ឧបករណ៍ឆក់មិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់ការនេសាទត្រីនោះឡើយ។ សម្រាប់នៅតំបន់អភិរក្សសត្វផ្សោតក្នុងខេត្តក្រចេះ ក៏ដូចជានៅខេត្តស្ទឹងត្រែង ការប្រើប្រាស់ឧបករណ៍ឆក់នេះ ត្រូវបានរកឃើញថា ជាហេតុដ៏អាក្រក់គំរាមកំហែងធ្ងន់ធ្ងរដល់សត្វផ្សោត ដែលជាធនធនជលផលទឹកសាបដ៏កម្រ និងរាប់ជារតនៈសម្បត្តិរបស់កម្ពុជាផងដែរ។
រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលខេត្តក្រចេះ ខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ រួមជាមួយអង្គការ WWF បានប្រឹងប្រែងស្រាក់ដៃគ្នាក្នុងកិច្ចការពារសត្វផ្សោតនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ព្រំដែនអភិរក្សសត្វផ្សោតត្រូវបានកំណត់ បំរាមរាយមួង សន្ទួច និងប្រើឧបករណ៍គំរាមកំហែងដទៃទៀត ត្រូវបានដាក់ចុះផងដែរ។
បើទោះបីជាយ៉ាងក្រុមជនដែលប្រើប្រាស់ឧបករណ៍ឆក់ នៅតែគឃ្លើន ហើយពួកគេតែងលបលួចធ្វើសកម្មភាពជារឿយៗ បើទោះបីជនល្មើសខ្លះត្រូវបានចាប់ខ្លួន និងដាក់ពន្ធនាគារយ៉ាងណាក្តី។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានឱ្យដឹងថា ដើម្បីបញ្ឈប់សកម្មភាពឆក់នេះ រូបលោកក៏ដូចជាមន្ត្រីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ តែងបានចុះផ្សព្វផ្សាយអប់រំពីទោសទណ្ឌនៃការប្រើប្រាស់ឧបករណ៍ឆក់ និងទទូចឱ្យជនប្រព្រឹត្តបញ្ឈប់សកម្មភាព។
បើតាមលោក ម៉ុក ពន្លក ក្រោយការផ្សព្វផ្សាយមានប្រជាពលរដ្ឋខ្លះស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ជូនសមត្ថកិច្ច និងបញ្ឈប់សកម្មភាព តែក៏មានជនខ្លះនៅតែគឃ្លើនមិនស្តាប់ការអំពាវនាវរបស់អាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។
ដើម្បីថែរក្សាការពារសត្វផ្សោតដែលជារតនសម្បត្តិរបស់កម្ពុជា វិធានការក្តៅ គឺការអនុវត្តន៍ច្បាប់ជាជម្រើសចុងក្រោយដោយមិនអាចលើកលែងនោះឡើយ។ លោក ម៉ុក ពន្លក បានឱ្យដឹងថា ទន្ទឹមនឹងការចាប់បានជនល្មើសខាងលើហើយនោះ កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅសមត្ថកិច្ចចម្រុះក្នុងខេត្ត ក៏បានបំបែកសំណុំរឿងកំណត់មុខសញ្ញាជនប្រើឧបករណ៍ឆក់ត្រីដ៏សកម្ម ដែលមានលំនៅឋានក្នុងឃុំសំបុកផងដែរ។
លោក ម៉ុក ពន្លក បានឱ្យដឹងថា មុខសញ្ញាប្រើឧបករណ៍ឆក់ត្រី៣នាក់បងប្អូននេះ កំពុងរត់គេចខ្លួន ហើយលោកកំពុងស្នើសុំដីការពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីតាមចាប់ខ្លួនពួកគេ។
លោក ម៉ុក ពន្លក បានឱ្យដឹងផងដែរថា បន្ថែមពីលើនេះ កម្លាំងសមត្ថកិច្ចចម្រុះ ក៏កំពុងដាក់វិធានការតាមស៊ើបអង្កេត ស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យប្រើឧបករណ៍ឆក់ត្រីដែលមានលំនៅឋាននៅក្បាលជួរ កាកុត និងឃុំសណ្តាន់មួយចំនួនទៀត។
«ខ្ញុំសន្យាថា នឹឹងប្រឹងប្រែងអនុវត្តន៍ការងារនេះឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ដើម្បីចូលរួមការពារ គ្រប់គ្រង អភិរក្សសត្វផ្សោត ព្រមទាំងជីវៈចម្រុះជលផលរបស់យើងឱ្យឋិតឋេរជារៀងរហូត»។ នេះជាការប្តេជ្ញាចិត្តរបស់លោក ម៉ុក ពន្លក។
បើទោះបីជាយ៉ាងណា លោក ម៉ុក ពន្លក នៅតែបន្តអំពាវនាវដល់ពលរដ្ឋដែលប្រើឧបករណ៍ឆក់ត្រីឱ្យភ្ញាក់រលឹកចូលខ្លួនសារភាព ឬទម្លាក់ចោលសកម្មភាពឆក់ត្រី ដើម្បីទទួលបានការអនុគ្រោះរួចផុតពីការអនុវត្តន៍ច្បាប់។
លោក ម៉ុក ពន្លក បានបញ្ជាក់ដូច្នេះ «យើងមិនចង់ចាប់ពលរដ្ឋមកដាក់ពន្ធនាគារទេ។ ប៉ុន្តែយើងណែនាំ យើងអប់រំ យើងធ្វើកិច្ចសន្យា យើងហៅមកសាលាឃុំ ហៅមកផ្សព្វផ្សាយជាហូរហែ តែគាត់មិនស្តាប់ និងនៅតែប្រព្រឹត្ត ដែលយើងអស់លទ្ធភាពនឹងលើកលែង»។
មុនឆ្នាំ២០២៣ សត្វផ្សោតនៅទន្លេមេគង្គក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានរងការគំរាមកំហែងខ្លាំង។ ពេលអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេនៅខេត្តក្រចេះនាឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានវិធានការជាក់លាក់មួយ ដើម្បីការពារសត្វផ្សោត។
ក្រោយការអំពាវនាវនោះ អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ បានដាក់ចេញវិធានការបន្ទាន់ និងជាក់លាក់។ ក្រោយវិធានការនោះ ស្ថានភាពសត្វផ្សោតក៏មានភាពល្អប្រសើរឡើងវិញ ពោលគឺស្លាប់តិច និងកើតច្រើន។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានឱ្យដឹងថា ចន្លោះពីឆ្នាំ២០២១ ដល់ឆ្នាំដល់ដើមខែកុម្ភៈ ឆ្នាំ២០២៥ សត្វផ្សោតកើតថ្មីសរុបចំនួន៣២ក្បាល និងស្លាប់សរុបចំនួន២៩ក្បាល។
របាយការណ៍បានបញ្ជាក់ថា ឆ្នាំ២០២១ មានផ្សោតកើតថ្មី ៦ក្បាល និងស្លាប់៩ក្បាល, ឆ្នា២០២២ មានផ្សោតកើតថ្មី ៦ក្បាល និងស្លាប់ ១១ក្បាល, ឆ្នាំ២០២៣ មានផ្សោតកើតថ្មី ៨ក្បាល និងស្លាប់៥ក្បាល, ឆ្នាំ២០២៤ មានផ្សោតកើតថ្មី ៩ក្បាល និងស្លាប់ ៤ក្បាល។ សម្រាប់ឆ្នាំ២០២៥ គិតត្រឹមថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានផ្សោតកើតថ្មី ៣ក្បាល ពុំមានផ្សោតស្លាប់នោះទេ៕