(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន រៀបចំសកម្មភាពអប់រំ ផ្សព្វផ្សាយបរិស្ថាន ឱ្យបានមុតស្រួច ដើម្បីជំរុញឱ្យប្រទេសជាតិមានបរិស្ថានស្អាត។

ការលើកឡើងបែបនេះរបស់លោក ខ្វៃ អាទិត្យា បានធ្វើឡើងក្នុងឱកាសលោកចូលរួមបើកសិក្ខាសាលា ពិគ្រោះយោបល់ដើម្បីពង្រឹងសកម្មផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងបរិស្ថាន របស់អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកំពត។

នៅក្នុងឱកាសនេះដែរ លោក ខ្វៃ អាទិត្យា បានថ្លែងថា សិក្ខាសាលាដែលបានរៀបចំនៅថ្ងៃនេះ នឹងស្វែងរកបាននូវធាតុចូលសំខាន់ៗថែមទៀត ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា ក្នុងការបំពេញតួនាទីភារកិច្ចផ្សព្វផ្សាយ អប់រំ ជំរុញឱ្យសាធារណជនប្រែក្លាយឥរិយាបថរបស់ប្រជាពលរដ្ឋកម្ពុជា ចូលរួមអនុវត្តជាក់ស្តែង ក្នុងសកម្មភាពថែរក្សា ការពារបរិស្ថាន និងធនធានធម្មជាតិ មានទម្លាប់ស្អាត ស្រឡាញ់ភាពបៃតង និងការរស់នៅប្រកបដោយចីរភាព នៅពេលខាងមុខ។

ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំនិងមន្រ្តីនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងបណ្តាមន្ទីរបរិស្ថានទាំងអស់ ពិនិត្យលើផែនការចូលរួមសកម្មភាព ជំរុញឱ្យមានចលនាឱ្យបានគ្រប់ទីកន្លែង ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាពិសេសនៅតាម ឃុំ-សង្កាត់ សាលារៀន វត្តអារាម រោងចក្រសហ-គ្រាស ភូមិឋាន...។ល។ ដើម្បីជំរុញ «ភាពស្អាត» នៅក្នុងសង្គមយើងស្អាត និងប្រទេសជាតិមានបរិស្ថានស្អាត។ ព្រមជាមួយគ្នានេះ ជំរុញការធ្វើយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដែលយុទ្ធនាការនេះត្រូវបានប្រកាសបើកឱ្យដំណើការដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥។ លើសពីនេះសកម្មភាពអាទិភាពមួយទៀតគឺបណ្តុះផ្នត់គំនិត «ពន្លកបៃតង» ដោយចូលរួមផ្សព្វផ្សាយសកម្មភាព ការបណ្តុះកូនឈើ និងព្រឹត្តការណ៍ចែកកូនឈើជូនដល់សាធារណជនដោយឥតគិតថ្លៃ សកម្មភាពដាំកូនឈើ និងការថែទាំកូនឈើ។

ទាក់ទងនឹងការផ្សព្វផ្សាយ ក្រសួងបរិស្ថានបន្តខិតខំ ពង្រីកភាពជាដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយ ដូចជា កាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ និងវេទិកាព័ត៌មានអនឡាញ ដើម្បីជំរុញការផ្សព្វផ្សាយព័ត៌មានបរិស្ថានឱ្យមានភាពទំលំទូលាយជាងមុន និងមានភាពសម្បូរណ៍បែប និងទាក់ទាញ ព្រមជាមួយនឹងការបន្តផ្តល់ការលើកទឹកចិត្ត ដល់ប្រតិបត្តិករ អនុវត្ត «ភាពស្អាត» និង«បៃតង» ដោយសហការ សម្របសម្រួលជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ សាលារៀន វត្តអារាម រោងចក្រ សហគ្រាស និងសហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ថា វេទិកាពិភាក្សារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ មានការអញ្ជើញចូលរួមពីលោក ឡេង ជីវិន អគ្គនាយក នៃអគ្គចំណេះដឹងនិងព័ត៌មានបរិស្ថាន លោក លោកស្រី ភ្ញៀវកិត្តិយស តំណាងអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងបរិស្ថាន ប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត និងតំណាងអង្គការដៃគូអភិវឌ្ឍន៍មួយចំនួន។

វេទិការរៀបចំឡើងក្នុងគោលបំណង ពិនិត្យ និងពិភាក្សាគោលដៅសកម្មភាពសំខាន់ៗ រួមមានជំរុញការអប់រំ ផ្សព្វផ្សាយ និងចលនាទៅតាមមូលដ្ឋាន សាលារៀន វត្តអារាម រោងចក្រ-សហគ្រាស សហគមន៍។ល។ ចូលរួមសំអាត និងគ្រប់គ្រងសំរាម/សំណល់ប្លាស្ទិក តាមផ្លូវជាតិ ផ្លូវខេត្ត តាមប្រព័ន្ធផ្លូវទឹក តាមភូមិឋាន និងទីឋាននានា ការចេះទុកដាក់ ញែក គ្រប់គ្រងសំរាម/សំណល់រឹងបានត្រឹមត្រូវ និងចូលរួមអនុវត្ត 4R ព្រមទាំងបណ្តុះផ្នត់គំនិត ពន្លកបៃតង ជាមួយនឹងការបណ្តុះ ការដាំ និងថែទាំកូនឈើ ដល់សិស្សានុសិស្ស យុវជន សមាជិកសហគមន៍ និងសាសនិកនានា។ កិច្ចពិភាក្សាក៏មានលើកឡើងពីពង្រឹងប្រព័ន្ធព័ត៌មានភូមិសាស្ត្រសម្រាប់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងពង្រីកភាពជាដៃគូបណ្តាញផ្សព្វផ្សាយផងដែរ៕