(ព្រះសីហនុ)៖ លោក លូ គឹមឈុន ប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ និងជាប្រធានសាខាកាកបាទក្រហម ខេត្តព្រះសីហនុ បានថ្លែងថា ការសង្រ្គោះបឋមជីវិតមនុស្ស គឺមានសារសំខាន់ណាស់ ហើយបើយើងយឺតតែបន្តិចនោះ យើងនឹង បាត់បង់ជីវិតហើយ ។
ការថ្លែងបែបនេះ គឺក្នុងពិធីចែកវិញ្ញាបនប័ត្រជូនសិក្ខាកាមនៅឆ្នេរអូឈើទាល ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ប្រមាណ៤០នាក់ ដែលសុទ្ធសឹងជាយុវជនស្ម័គ្រចិត្តកាកបាទ ក្រហម មកពីក្រុមសិស្ស និស្សិត និងប្រតិបត្តិករ អាជីវករ ក្រុមម៉ូតូទឹក តាមបណ្តោយឆ្នេរអូរឈើទាល ដែលទើបបាន បញ្ចប់ការសិក្សាពីវិជ្ជាសង្គ្រោះបឋមនេះអស់រយៈពេល១សប្តាហ៍ កន្លងមកដែលរៀបចំដោយ កាកបាទក្រហមខេត្តព្រះសីហនុ ។
លោក លូ គឹមឈុន ក៏បានសង្កត់ធ្ងន់ទៅកាន់សិក្ខាកាមទាំងអស់ឲ្យដឹងថា បើយើងមានការយឺតយ៉ាវក្នុងការសង្គ្រោះជីវិត នោះផលវិបាក នឹងកើតមានឡើងក្នុងគ្រួសារ សង្គម និងជាតិទាំងមូលផងដែរ ។
លោក លូ គឹមឈុន បានបន្តទៀតថា វិជ្ជានេះយើងអាចយកទៅប្រើប្រាស់បានគ្រប់ទីកន្លែង ហើយជាពិសេសនៅឆ្នេរសមុទ្រយើងនេះត្រូវ ធ្វើយ៉ាងណា ដើម្បីសង្គ្រោះ ជនរងគ្រោះដោយ សារលង់ទឹកសមុទ្រអោយបានទាំងស្រុង ដើម្បីលុបបំបាត់ភាពភ័យខ្លាច ក៏ដូចជាពាក្យ ចចាមរាម នានាដែលគេខ្លាចទឹកសមុទ្រប្រទេសកម្ពុជា មិនហ៊ានមកលេងកម្សាន្តជាដើម ៕