(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការហួសចិត្តចំពោះ លោក សម រង្ស៉ី ដែលជាមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង។ សម្តេចបានលើកឡើងថា គួរឱ្យសង្វេគដែរ សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់​នេះ។

ការលើកឡើងរបស់ សម្តេចបវរធិបតី បានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៉ី បានចេញវីដេអូមួយវាយប្រហារមកលើការដឹកនាំរបស់សម្តេច តាមបណ្តាញសង្គម។

សម្តេចបានសរសេរនៅលើបណ្តាញសង្គម ជាមួយនឹងការចែករំលែកវីដេអូ ប្រតិកម្មរបស់ស្រ្តីម្នាក់ចំពោះ លោក សម រង្ស៉ី យ៉ាងដូច្នេះថា៖ «ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ បានជាលោក សម រង្ស៉ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់។ បទចម្រៀងរបស់គាត់មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារនិងមើលងាយអ្នកផ្សេង ជាពិសេសមកលើរូបខ្ញុំនិងក្រុមគ្រួសារ ក៏ដូចជាអំពាវនាវឲ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល»។

សម្តេចបានបន្តថា៖ «ក្តីស្រមៃរបស់គាត់មានតែមួយគត់តាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សឱ្យទៅដណ្តើមយកឲ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច។ តាមពត៌មានក្រៅផ្លូវការដែលទទួលបានចុងក្រោយនេះ គឺថាលោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនោះ😅»។

សម្តេចបានឃើញ ស្រ្តីឈ្មោះ សំ សុខា ដែលធ្លាប់ជាអ្នកដើរតាម លោក សម រង្ស៉ី និយាយក្នុងវីដេអូខ្លីមួយនេះ។ សម្តេចបានលើកឡើងដូច្នេះថា៖ «សំដីរបស់ប្អូនស្រីហាក់ធ្វើឱ្យខ្ញុំមានអារម្មណ៍អាណិតលោក សម រង្ស៉ី ទៅវិញ ព្រោះគាត់ហាក់ដូចជាមានការស្រមើស្រមៃនិងវិលវល់ច្រើន រហូតដល់មានមោទនភាពលើខ្លួនឯងពេក ដូចពាក្យខ្មែរមួយឃ្លាថា «មនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង» ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។ គួរឱ្យសង្វេគដែរ សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ»៕