(ភ្នំពេញ)៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនូវថវិកា ២០៤,៧២០ ដុល្លារអាមេរិក សម្រាប់ការតម្លើងម៉ាស៊ីននៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត និងការសាងសង់កំពង់ផែក្នុងសង្កាត់កោះរ៉ុង ថវិកានេះជាគម្រោងការណ៍សម្រាប់ទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ)។
ពិធីចុះហត្ថលេខាបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុន ប្រចាំកម្ពុជា កំណាងស្ថាប័នទទួលជំនួយទាំងពីរ។ ថវិកាទាំងនេះដើម្បីអនុវត្តគម្រោងដូចតទៅ៖
ទី១៖ កម្រោងកម្លើងម៉ាស៊ីនផលិតឧបករណ៍ នៅរោងចក្រផលិតឧបករណ៍សិប្បនិម្មិត ក្នុងក្រុងភ្នំពេញ (ថវិកាចំនួន ៦៣,៤៧០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីតម្លើងម៉ាស៊ីនផលិតឧបករណ៍ថ្មីមួយ ជំនួសឱ្យម៉ាស៊ីនផលិតចាស់ដែលមុខងារមានកម្រិត។ រោងចក្រផលិតឧបករណ៍សិប្បនិម្មិត ត្រូវចំណាយពេលវេលាច្រើនដើម្បីផលិតឧបករណ៍សិប្បនិម្មិ ដោយរំពឹងថាម៉ាស៊ីនថ្មីនេះនឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវផលិតភាព និងគុណភាពនៅក្នុងរោងចក្រផលិតឧបករណ៍សិប្បនិម្មិត។
និងទី២៖ គម្រោងសាងសង់កំពង់ផែ ក្នុងសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ (ថវិកាចំនួន ១៤១,២៥០ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ រដ្ឋបាលក្រុងកោះរ៉ុង។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់កំពង់ផែថ្មីមួយ ក្នុងសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ សម្រាប់ការដឹកជញ្ជូនរវាងកោះរ៉ុង និងដីគោក។ កំពង់ផែថ្មីនេះនឹងផ្តល់ឱ្យប្រជាជនមូលដ្ឋានប្រមាណ ៣,០០០នាក់នូវការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ លើសពីនេះទៅទៀតផែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ ក៏ដូចជានឹងគាំទ្រសកម្មភាពសន្តិសុខរបស់កងទ័ពជើងទឹកក្នុងស្ថានភាពអាសន្ននានា។
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះមានទិសដៅការពារជនងាយរងគ្រោះពិកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬភាពអកុសលនានា ដែលអាចកំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៧០លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៩៤គម្រោងនៅទូទាំងប្រទេសកម្ពុជា។