(ភ្នំពេញ)៖ អ្នកស្ម័គ្រចិត្តបរិច្ចាគឈាម មកពីគ្រប់ទិសទី នៃទូទាំងខណ្ឌទាំង ១៤ នៃរាជធានីភ្នំពេញ រួមមានសិស្ស, និស្សិត, យុវជនកាកបាទក្រហម, សប្បុរសជន, បុគ្គលិកវីតាល់ មីជាតិ មន្ត្រីរាជការ ក្រសួងស្ថាប័ន ប្រមាណ ៨៥០ នាក់ បានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម នាទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់» ដែលបានប្រព្រឹត្តនៅក្នុងបរិវេណ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ ដែលជាការសហការរៀបចំ និងឧបត្ថម្ភពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ និង មីជាតិ)។
យុទ្ធនាការបរិច្ចាគឈាមនាថ្ងៃនេះ បានរៀបចំឡើង ក្នុងគោលបំណង ក្នុងការជួបជុំអ្នកស្ម័គ្រចិត្ត ពីគ្រប់ទិសទី និងគ្រប់ស្រទាប់វណ្ណៈ រួមគ្នាផ្តល់អំណោយឈាម ដោយផ្សាភ្ជាប់អត្ថន័យ នៃការចែករំលែកសេចក្តីស្រឡាញ់ និងអំពើល្អ ជូនចំពោះខ្លួនឯង និងមនុស្សជុំវិញខ្លួន តាមរយៈការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដែលចេញពីបេះដូងពោរពេញ ដោយមនោសញ្ចេតនា និងសាមគ្គីភាព។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស ក្រសួងសុខាភិបាល បានកោតសរសើរចំពោះ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងការរៀបចំ កម្មវិធីបរិច្ចាគឈាម នាថ្ងៃនេះឡើង ក្នុងគោលបំណងជួយជំរុញចលនា បរិច្ចាគឈាមស្ម័គ្រចិត្ត ឱ្យកាន់តែមានចំនួនច្រើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងបានថ្លែងអំណរគុណដល់ សប្បុរសជនបរិច្ចាគឈាមស្ម័គ្រចិត្តគ្រប់រូប ដែលបានចូលរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខភាព និងសុខមាលភាព របស់ប្រជាជនកម្ពុជា ដែលជាការចែករំលែកជីវិតដល់ជនរងគ្រោះ និងអ្នកជំងឺគ្រប់ប្រភេទ ជាច្រើននាក់នៅកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅដល់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ និង មីជាតិ) តែងតែងចូលរួមគាំទ្រ និងផ្សព្វផ្សាយនូវរាល់សកម្មភាព បរិច្ចាគឈាមនាពេលកន្លងមក។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ នេះជាលើកទី៩ ដែលមជ្ឈមណ្ឌលជាតិ ផ្ដល់ឈាម នៃក្រសួងសុខាភិបាលបានរៀបចំឡើង យ៉ាងស្រស់ស្អាត ក្រោមប្រធានបទ «ផ្ដល់ឈាម ផ្ដល់ក្ដីស្រឡាញ់» គឺជាប្រធានបទ ដ៏មានអត្ថន័យ សម្រាប់យើងទាំងអស់គ្នា និងមានគោលបំណង សំខាន់ ២ គឺ ៖ ដើម្បីបង្កលក្ខណៈឱ្យយុវជន យុវនារី ប្រជាជនទូទៅចែករំលែកក្តី ស្រឡាញ់ របស់គាត់ដោយចូលរួមបរិច្ចាគឈាមជួយដល់ជនរងគ្រោះដែលត្រូវការឈាម។
ដើម្បីអំពាវនាវឱ្យគ្រប់អង្គភាព ស្ថាប័ន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិចូលរួមចំណែកក្នុងភាពជាដៃគូជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដើម្បីជំរុញលើកកម្ពស់ការបរិច្ចាគឈាមដោយស្មគ្រ័ចិត្ត ។ លោកវេជ្ជបណ្ឌិត បន្តថា យើងត្រូវការឈាមមួយប្លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៥ នាទីម្តង ។ តម្រូវការឈាមប្រចាំថ្ងៃ សរុបមានពី៣០០ ទៅ ៣៥០ ប្លោកនៅរាជធានីភ្នំពេញ។ តាមតួលេខបានបង្ហាញថា តម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមកនេះ មានចំនួនអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងមិនទទួលកម្រៃ ចំនួន ៣៥,៦៧៥ប្លោក ស្មើនឹង ២២.៤០% នៃអំណោយឈាមទាំងអស់ ១៦៦,៥២៤ប្លោក ។ តម្រូវការទូទាំងប្រទេស មានប្រមាណជាង ១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ និងមីជាតិ) បានបង្ហាញការចាប់អារម្មណ៍ និងកោតសសើរថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលផ្តួចផ្តើមឱ្យមានការរៀបចំកម្មវិធីនេះ យ៉ាងទៀតទាត់ និងរៀងរាល់ឆ្នាំ ដើម្បីជាលទ្ធភាព និងឱកាស នៃការជួបជុំអ្នកស្ម័គ្រចិត្ត ក្នុងការផ្តល់អំណោយឈាម និងអត្ថន័យ នៃការចែករំលែកសេចក្តីស្រឡាញ់ ជូនខ្លួនឯង ជូនមនុស្សជាទីស្រឡាញ់ និងមនុស្សជុំវិញខ្លួន ។ លោកជំទាវ បន្តមានប្រសាសន៍ថា វីតាល់ ក្រៅពីផ្តល់ជូននូវទឹកពិសាដែលមានគុណភាព, សុវត្ថិភាព, និងអនាម័យខ្ពស់ វីតាល់ តាមរយៈ មូលនិធិ២៥រៀល បានចូលរួមចំណែកក្នុងទំនួលខុសត្រូវចំពោះការងារអភិវឌ្ឍសង្គម ជាមួយសកម្មភាពសប្បុរសធម៌នានា ដោយឈរលើស សរស្តុម្ភ ៤ ចំបង រួមមាន ៖ វិស័យអប់រំ, បរិស្ថាន, សុខាភិបាល-កីឡា និងសង្គម វប្បធម៌ សម្រាប់ជាគុណប្រយោជន៏ជូនសង្គមជាតិ និងដល់អតិថិជនរបស់យើង ។ វីតាល់ប្តេជ្ញានឹងបន្តចូលរួមឧបត្ថម្ភគាំទ្រ ដល់សកម្មភាព ការងារ របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងដំណើរការប្រមូលឈាម រួមទាំងយុទ្ធនាការ នៃការចុះប្រមូលផ្តល់ អំណោយឈាម ដែលឈានទៅដល់ការ ពង្រីក វិសាលភាពប្រមូល ឈាមបន្ថែមនៅតាមបណ្ដាខេត្ត នាថ្ងៃអនាគតផងដែរ។
នេះជាកិច្ចសហការរៀបចំ និង ឧបត្ថម្ភគាំទ្រពីសំណាក់ វីតាល់ និងមីជាតិ ដែលសបញ្ជាក់យ៉ាងច្បាស់ អំពីការចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាព ទំនួលខុសត្រូវសង្គមជាមួយនឹងការយកចិត្តទុកដាក់ ការស្រឡាញ់ និងចូលរួម ដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិ ពីស្លាកសញ្ញា នៃផលិតផលរបស់ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី។ «វីតាល់មោទនភាព ផលិតផលជាតិ» ៕