(សៀមរាប)៖ បន្ទាប់ពីសិក្សានៅក្នុងថ្នាក់សិក្ខាសាលាស្តីពី «កម្មវិធីផ្លាស់ប្តូរយុវជនវប្បធម៌លើការគ្រប់គ្រងបេតិកភណ្ឌពិភពលោក និងអភិវឌ្ឍន៍សហគមន៍» ក៏បានចុះកម្មសិក្សានៅតាមទីតាំងមួយចំនួនក្នុងរមណីយដ្ឋានអង្គរ ដូចជានៅប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង ប្រាសាទនាគព័ន្ធ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ និងប្រាសាទបន្ទាយស្រីជាដើម។ សិក្ខាកាមទាំង៣០រូប មានកម្ពុជា ឡាវ និងវៀតណាម បានស្វែងយល់ពីការងារគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ និងជាឱកាសឱ្យពួកគេរៀនសូត្រ ពីតំបន់មួយទៅតំបន់មួយ ក្នុងនាមជាយុវជនវប្បធម៌ដែលកំពុងធ្វើការនៅតំបន់បេតិកភណ្ឌពិភពលោក។
សូមបញ្ជាក់ថា សិក្ខាសាលាខាងលើនេះមានរយៈពេល១០ថ្ងៃ ក្រោមកិច្ចសហការរវាងពីអាជ្ញាធរជាតិអប្សរា និងមូលនិធិសហប្រតិបត្តិការពិសេសមេគង្គ-ឡានឆាង។ សិក្ខាសាលនេះមានការចែករំលែកបទពិសោធន៍ទាំងទ្រឹស្តី និងការចុះតាមការដ្ឋានមួយចំនួន ដូចជានៅរមណីយដ្ឋានអង្គរ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងរមណីយដ្ឋានប្រាសាទកោះកេរ។ ម្យ៉ាងវិញទៀត រមណីយដ្ឋានអង្គរជាតំបន់បេតិកភណ្ឌមានជីវិត គឺមានសហគមន៍មនុស្ស ក៏ដូចជាមរតករូបី និងអរូបីជាច្រើន ដែលធ្វើឱ្យរមណីយដ្ឋាននេះ ជាបេតិកភណ្ឌមានជីវិត។
អ្នកជំនាញពីតំបន់បេតិកភណ្ឌពិភពលោកពីប្រទេសឡាវ និងវៀតណាម ក៏បានចូលរួមចែករំលែកពីកិច្ចការគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍របស់ពួកគេផងដែរ។ សិក្ខាសាលានេះ មានរយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥៕