Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តពោធិ៍សាត់ អំពាវនាវក្មួយៗយុវជន យុវនារីទាំងអស់ សូមកុំយកថ្ងៃនៃក្តីស្រលាញ់ ១៤ កុម្ភៈ ធ្វើឱ្យប្រាស់ចាកដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងសង្គមជាតិ (Video inside)

14-02-2025 15:54

(ពោធិ៍សាត់)៖ លោកស្រី ប៉ុក ណាឌី អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអំពាវនាវលោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនជន យុវនារីទាំងអស់ សូមកុំយកថ្ងៃនៃក្តីស្រលាញ់ ១៤ កុម្ភៈ ធ្វើឱ្យប្រាស់ចាកដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់បុគ្គល និងសង្គមជាតិ។

លោកស្រីបានអំពាវនាវបែបនេះ ក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍ក្រៅផ្លូវការ ជាមួយបណ្តាញព័ត៌មាន Fresh News និងទូរទស្សន៍ជាតិខេត្តពោធិ៍សាត់។

លោកស្រី ប៉ុក ណាឌី បានថ្លែងថា ក្នុងនាមជាអភិបាលរងខេត្ត ទទួលបន្ទុកខាងកិច្ចការនារី ក៏ដូចជាខាងវប្បធម៌ និងសាសនា និងក្នុងនាមជាតំណាងឱ្យរដ្ឋបាលខេត្តពោធិ៍សាត់ ក៏ដូចជាតំណាងឱ្យមន្ត្រីរាជការ នៅខេត្តពោធិ៍សាត់ទាំងមូល លោកស្រីសូមយកឱកាសនេះ ជម្រាបជូនក្មួយៗ ក្រុមយុវជន យុវនារីទាំងអស់ឱ្យបានជ្រាបថា ទិវានៃក្ដីស្រលាញ់ ១៤ កុម្ភៈនេះ គឺជាទិវាបង្ហាញអំពីគុណតម្លៃ នៃការគោរព ការស្រឡាញ់ និងការដឹងគុណដល់មនុស្ស ដែលមានតម្លៃចំពោះយើង ដូចជាជីដូនជីតា ឪពុកម្តាយ ស្វាមីភរិយា បងប្អូន មិត្តភក្តិ និងអ្នកដែលជាទីស្រលាញ់របស់យើងគ្រប់គ្នា ក្នុងនោះក៏មានក្ដីស្រលាញ់ ចំពោះលោកគ្រូអ្នកគ្រូ និងអ្នកមានគុណរបស់យើងផងដែរ។

លោកស្រីអភិបាលរងខេត្តបន្តថា ទិវានៃក្ដីស្រលាញ់នេះ អាចបង្ហាញតាមរយៈការយកចិត្តទុកដាក់ ការគោរពស្រលាញ់ និងការឱ្យតម្លៃគ្នាទៅវិញទៅមក ហើយការឱ្យតម្លៃនេះទៀតសោធ គឺប្រកបដោយគុណធម៌ និងព្រហ្មវិហារធម៌។ ទិវានៃក្ដីស្រឡាញ់នេះ និងជាទិវាមួយ ដែលយើងទាំងអស់គ្នា ចូលរួមស្រលាញ់ ចំពោះអ្នកមានគុណយើង និងមិត្តភក្តិបងប្អូនយើងតែប៉ុណ្ណោះ។

ក្នុងឱកាសនេះ ក្នុងនាមរដ្ឋបាលខេត្ដ ក៏ដូចជាក្នុងនាមលោកស្រីផ្ទាល់ គឺលោកស្រីសូមអំពាវនាវ ឱ្យយើងទាំងអស់គ្នាយកទិវានៃក្ដីស្រលាញ់នេះ ពិតប្រាកដ និងស្មោះត្រង់ចំពោះពួកគាត់។ ជាពិសេសសូមកុំឱ្យយក ទិវានៃក្ដីស្រលាញ់នេះ មកធ្វើជាឱកាស ដើម្បីធ្វើសកម្មភាពទាំងឡាយណា ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់បុគ្គល និងសង្គមជាតិ និងសូមឱ្យទិវានៃក្ដីស្រលាញ់នេះ ចែករំលែកក្តីស្រលាញ់ដល់ក្រុមគ្រួសារ ក៏ដូចជាឪពុកម្តាយ ជីដូនជីតា បងប្អូន សាច់ញាតិ កុំឱ្យប្រាសចាក ពីគុណធម៌ និងគុណតម្លៃប្រពៃណីខ្មែរយើងឡើយ៕