(កំពង់ធំ)៖ កម្លាំងចម្រុះរបស់ទីបញ្ជការស្រាលឃុំពាមបាង ប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ដឹកនាំដោយលោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមទីបញ្ជាការស្រាល ព្រមទាំងសមាជិកប្រចាំឃុំពាមបាង បានចូលរួមជាមួយឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចលេខ៤១ ក្នុងប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅចំណុចមាត់ពាមបាឡតរហូតដល់ចំណុចបាក់ដាវ ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តសៀមរាប។
ក្នុងពេលប្រតិបត្តិការនោះ ករណីទី១ សមត្ថកិច្ចបានរុះរើ បំផ្លាញចោលវត្ថុតាង ឧបករណ៍នេសាទរបាំងសាច់អួនលើសប្រវែងកំណត់របាំងសាច់អួនចំនួន២ របាំងប្រវែង១៣០០ម៉ែត្រ ឡុកសាច់អួនចំនួន៤គ្រឿង បង្គោលឈើចំនួន១៥០០ដើម។
ករណីទី២ បានកាប់បំផ្លាញចោលវត្ថុតាង ឧបករណ៍នេសាទរបាំងស្បៃមុងខុសច្បាប់របាំងស្បៃមុងចំនួន១៦ របាំងប្រវែង១១២០ម៉ែត្រ លូស្បៃមុងចំនួន១៦មាត់ ឡុកស្បៃមុងចំនួន១៦គ្រឿង បង្គោលឈើចំនួន៨០០ដើម។
ករណីទី៣ បានកាប់បំផ្លាញចោលវត្ថុតាង ឧបករណ៍នេសាទ សម្រាស់កំប្លោកសម្រាស់កំប្លោកទំហំ២០មx២០ម ប្រវែង១៦០០ម៉ែត្រ ចំនួន៤ដុំ បង្គោលឈើចំនួន១៦០ដើមខ្សែលីឡុងប្រវែង៤២០ម៉ែត្រ៕