(ក្រចេះ)៖ មន្ត្រីជំនាញរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅកាន់សាលាដំបូងខេត្តពាក់ព័ន្ធ និងកាប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ នៅក្នុងតំបន់អភិរក្សផ្សោត និងជីវចម្រុះជលផលនៅតាមដងទន្លេរមេគង្គ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថេត សុឃត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពុងក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកនាយខណ្ឌបានបញ្ជាក់ថា ជនសង្ស័យ គឺបានធ្វើសកម្មភាពដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីតាមដងទន្លេមេគង្គ ក្នុងតំបន់អភិរក្សផ្សោត និងជីវចម្រុះជលផល ត្រង់ចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ហើយត្រូវបានសមត្ថកិច្ចខេត្តក្រចេះ សហការជាមួយសមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ដកវត្ថុតាងរួមមាន៖

* ១. ទូកស្មាច់១គ្រឿង
* ២. ម៉ាស៊ីន២៥សេស ១គ្រឿង
* ៣.អាំងវិចទ័រឆក់ត្រី១គ្រឿង
* ៤. ថ្នងដងត្រី ១
* ៥. ខ្សែកាបនិងខ្សែភ្លើងប្រវែង២០ម៉ែត្រ
* ៦. ធុងសម្រាប់ដាក់ត្រី ១គ្រឿង
* ៧. អាគុយ ១គ្រឿង។

ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ស្តីពីជលផល៕