(ស្វាយរៀង)៖ ប្រជាពលរដ្ឋចំនួន១២០គ្រួសារ និងសិស្សានុសិស្សចំនួន៥៧៧នាក់មកពីសាលាចំនួន៧ ព្រះសង្ឃចំនួន៥វត្ត ស្ថិតក្នុងស្រុកកំពង់រោទិ៍ បានទទួលអំណោយសប្បុរសធម៌ មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ពីលោកអគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី។
ពិធីចែកអំណោយនេះមានការចូលរួមពីលោក លីម គឹមសេង អគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី លោកស្រី វ៉ា សុជាតា អភិបាលរងស្រុកកំពង់រោទិ៍ លោកប៉ាង ឡេង ប្រធានច្រកទ្វារអន្តរជាតិព្រៃវ៉ល្លិ៍ លោកអនុប្រធានសាខាគយព្រំដែនព្រៃវល្លិ៍ កងកម្លាំងទាំងបីប្រភេទ លោកលោកស្រីមេឃុំថ្មី ក្រុមប្រឹក្សាឃុំថ្មី មេភូមិទាំង៦ភូមិ លោកមេប៉ុស្តិ៍រដ្ឋបាលឃុំថ្មី និងនាយកសាលាទាំង៧សាលា នៅក្នុងស្រុកកំពង់រោទិ៍។
លោក លីម គឹមសេង បានថ្លែងថា នៅថ្ងៃបុណ្យទិវានៃក្តីស្រឡាញ់១៤កុម្ភៈនេះ សូមទទួលបាននូវសេចក្តីស្រឡាញ់គ្រប់គ្នា ជាពិសេសប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ព្រោះទម្រាំលោកមានថ្ងៃនេះ អតីតកាលគ្រួសាររបស់លោក និងរូបលោកមានជីវភាពលំបាកខ្លាំងណាស់ ដូច្នេះហើយទើបលោកធ្វើការចែករំលែកនូវទានមនុស្សធម៌នេះ ជារៀងរាល់ឆ្នាំដើម្បីផ្ដល់ជូននូវក្តីស្រឡាញ់ដល់បងប្អូនគ្រប់ៗរូប។
ជាមួយគ្នានេះ លោកស្រី វ៉ា សុជាតា អភិបាលរងស្រុកកំពង់រោទិ៍ បានសម្ដែងនូវសេចក្តីកោតសសើ និងសូមថ្លែងអំណរគុណដល់លោកអគ្គនាយកក្រុមហ៊ុន ឡាក់គី រ៉ូប៊ី ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍។
សូមបញ្ជាក់ថា ដើម្បីញ៉ាំងឲ្យបរិយាកាសមានភាពសប្បាយរីករាយ លោកអគ្គនាយកក្រុមហ៊ុនបានរៀបចំកម្មវិធីកម្សាន្តសប្បាយមាន៖ ដោយអនុញ្ញាតឲ្យមហាជនអាចចូលរួមការចាប់ដៃគូប្រឡងញ៉ាំផ្លែឈើទទួលបានរង្វាន់លេខ១ ចំនួន ១,០០០ដុល្លារ រង្វាន់លើកទឹកចិត្តក្នុង១គូ ចំនួន ៣០០ដុល្លារ និងការប្រឡងចម្រៀង អ្នកទទួលបានជ័យលាភីលេខ១ទទួលបានរង្វាន់ធំទឹកប្រាក់ ៥,០០០ដុល្លារ លេខ២ទទួលបានរង្វាន់ទឹកប្រាក់ ២,០០០ដុល្លារ និងរង្វាន់លើកទឹកចិត្ត ៣០០ដុល្លារ ក្នុងបេក្ខជនម្នាក់ៗ ដោយមានការចូលរួម ជាគណៈកម្មការផ្ដល់ពិន្ទុជ័យលាភីដោយ កញ្ញាយូរី នាយចឺម និងលោកនីកូ សុទ្ធសឹងជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនៅកម្ពុជាផងដែរ៕