(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងនៅថ្ងៃទី២៤ ខែតុលានេះថា រហូតដល់ពេលនេះ កម្ពុជា-វៀតណាម មិនទាន់មានការដោះដូរដីបន្ថែមនៅឡើយទេ ប៉ុន្តែភាគីទាំងពីរបានសម្រេចឱ្យក្រុមជំនាញចុះសិក្សាអំពីរឿងនេះហើយ ដើម្បីអនុវត្តទៅតាម MOU របស់ប្រទេសទាំងពីរ កាលពីឆ្នាំ២០១១។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការដោះដូរដីនៅតាមបណ្តោយព្រំដែនបន្ថែមរបស់ កម្ពុជា-វៀតណាម អាចធ្វើទៅបានលុះត្រាតែរដ្ឋាភិបាលវៀតណាម អនុវត្តគោរពតាមលក្ខខណ្ឌមួយចំនួន របស់ប្រទេសកម្ពុជា និងធ្វើការសិក្សាឱ្យបានច្បាស់លាស់ជាមុន។
លោក វ៉ា គឹមហុង បានឱ្យដឹងថា «យើងអត់មានអ្វីទាន់ដោះដូរទេ គ្រាន់តែនិយាយអំពីគោលការណ៍នៃការដោះដូរ ព្រោះគោលការណ៍នេះ យើងមានតាំងពីយូរណាស់ មកហើយ គឺក្នុង MOU តាំងពីឆ្នាំ២០១១ តាំងពីសម្តេចតេជោ មានប្រសាសន៍នៅក្នុងរដ្ឋសភា ដូច្នេះគ្មានអ្វីថ្មីទេ គ្រាន់តែបញ្ហាយើងត្រូវដោះដូរដីមួយចំនួន ក្នុងខេត្តដែលបានបង្ហាញហ្នឹង ប៉ុន្តែយើងមិនទាន់ដោះដូរទេ ព្រោះយើងមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ»។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ក្រសួងការបរទេសវៀតណាម បានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា កម្ពុជា-វៀតណាម បានព្រមព្រៀងដោះដូរដី តំបន់មួយចំនួនតាមបណ្ដាខេត្ត ជាប់ព្រំដែនប្រទេសទាំងពីរបន្ថែមទៀត ក្រោយពីគណៈកម្មការចម្រុះព្រំដែនកម្ពុជា និងវៀតណាម ជួបប្រជុំគ្នា នៅទីក្រុងហូជីមិញ រយៈពេល៣ថ្ងៃ កាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលាកន្លងទៅ។
លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បញ្ជាក់បន្ថែមថា «នៅពេលប្រជុំនៅហូជីមីញហ្នឹង យើងបានជជែកគ្នាអំពីការដោះដូរនេះ យើងក៏បានប្រគល់ភារកិច្ចឱ្យក្រុមជំនាញ សិក្សាឱ្យបានហ្មតចត់ ដើម្បីយើងធ្វើសេចក្តីសម្រេចទៅលើការដោះដូរនេះ ប៉ុន្តែពេលនេះមិនទាន់មានការដោះដូរអីទេ»។
កាលពីឆ្នាំ២០១១ កម្ពុជា-វៀតណាមព្រមព្រៀងឱ្យមានការដោះដូរដី នៅតាមតំបន់មួយចំនួន តាមបណ្តោយព្រំដែនប្រទេសទាំងពីរ ដើម្បីសម្រួលដល់ការ បោះបង្គោលព្រំដែន និងបញ្ចប់នូវបញ្ហាព្រំដែនកម្ពុជា-វៀតណាម។ លោក វ៉ា គឹមហុង បានបញ្ជាក់ថា ការដោះដូរដីនេះត្រូវធ្វើនៅក្នុងខេត្ត ដែលមានព្រំប្រទល់ជាប់គ្នា និងមានទំហំប៉ុនគ្នា។ ការដោះដូរនេះមានកន្លែងខ្លះបានធ្វើរួចហើយ ដូចជាតំបន់មួយចំនួនក៏ត្រូវបានធ្វើការដោះដូររួចហើយ។
សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោករួមប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែន ចំនួន៣១៤បង្គោល។ រហូតដល់ពេលនេះ ភាគីទាំងពីរបានធ្វើការបោះបង្គោលព្រំដែន បានចំនួន៨៣ភាគរយហើយដែរ៕