(ភ្នំពេញ)៖ ខ្មាន់កាំភ្លើងជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK បានធ្វើសកម្មភាពបាញ់ចំនួន៣គ្រាប់ នៅអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ ដែលមានទីតាំងទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដោយដកស្រង់សម្ដីរបស់សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមកាមេរ៉ាសុវ​ត្ថិភាព គេឃើញមានជនជាតិចិនមួយក្រុម ប្រដាប់ដោយអាវុធវែង AK ចំនួន២ដើម ចុះពីលើរថយន្ដមួយគ្រឿង ដើរចូលទៅក្នុងអគារមជ្ឈមណ្ឌលរតនៈសម្បត្តិ រួចបាញ់រះចំនួន៣គ្រាប់ ទើបឡើងចូលរថយន្ដជិះគេចខ្លួនបាត់។

ក្នុងហេតុការណ៍បាញ់ដោយខ្មាន់កាំភ្លើងជនជាតិចិននេះ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ហើយគេក៏មិនទាន់ដឹងថា ផ្ដើមចេញពីមូលហេតុអ្វីនោះដែរ។ នៅពេលនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថ កំពុងបន្ដសួរនាំ និងស្រាវជ្រាវនៅតំបន់កើតហេតុ៕