(កំពង់ធំ)៖ លោកស្រី យស ថានារី តំណាងរាស្ត្រមណ្ឌលកំពង់ធំ បានជំរុញឲ្យមន្ត្រីទាំងអស់បង្កើនក្តីស្រឡាញ់ឲ្យបានច្រើនដើម្បីសន្តិភាពផ្លូវចិត្តផ្លូវអារម្មណ៍ដើម្បីឲ្យប្រទេសជាតិមានសន្តិភាព។
លោកស្រី យស ថានារី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយជាច្រើននាក់ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សខេត្តកំពង់ធំ។
លោកស្រីបន្តថា Valentine's Day» ឬ «ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់» ដែលយុវវ័យមួយចំនួនហៅថា «ថ្ងៃបុណ្យសង្សារ» ជាថ្ងៃដែលរៀបចំដើម្បីរំលឹកដល់សេចក្តីស្រឡាញ់ របស់បព្វជិតជនជាតិរ៉ូមុំាង ដែលសុខចិត្តលះបង់ជីវិត ដើម្បីការពារសេចក្តីស្រឡាញ់នោះ។
បច្ចុប្បន្នបុណ្យនេះកំពុងចាក់ឫសក្នុងដួងចិត្តរបស់ប្រជាជន នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ «Valentine's Day» ត្រូវបានគេប្រារព្ធឡើង នៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈរៀងរាល់ឆ្នាំ ហើយឲ្យតែដល់ថ្ងៃនេះ ពួកគេតែងតែទិញអំណោយ ផ្កាកូឡាប ជូនអ្នកដែលខ្លួនស្រឡាញ់ ហើយយុវវ័យខ្លះអាចផុងខ្លួនលះបង់ខ្លួនប្រាណ ដើម្បីបង្ហាញពីក្តីស្រឡាញ់ ចំពោះសង្សាររបស់ខ្លួនទៀតផង។
លោកស្រីបញ្ជាក់ថាការប្រារព្ធថ្ងៃសេចក្តីស្រឡាញ់ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែចេញសេចក្តីណែនាំ កុំប្រជាជន ពិសេសយុវវ័យយល់ច្រឡំអត្ថន័យបុណ្យនេះ រហូតដល់ប្រព្រឹត្តរឿងមិនគប្បីក្នុងសង្គម ជាពិសេសខុសទៅនឹងវប្បធម៌ ប្រពៃណី របស់ខ្មែរ។ ទោះជាយ៉ាងណាកក៏យើងទាំងអស់គ្នា ត្រូវតែសង្រួមចិត្តបង្កើតក្តីស្រឡាញ់ឲ្យបានច្រើន ដើម្បីសង្គមជាតិយើងទទួលបាននូវសុខសន្តិភាព៕