(កំពង់ធំ)៖ លើកឡើងក្នុងកម្មវិធីដាក់ឱ្យប្រើប្រាស់បង្គន់អនាម័យស្រី១២បន្ទប់ និងបង្គន់នោមបុរស ២០បង្គន់នោម នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាល័យកំពង់ធំ លោក ហេង សារិទ្ធ អភិបាលរងក្រុងស្ទឹងសែន បានជំរុញឲ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពិនិត្យទៅលើសុខភាពសិក្សា អនាម័យស្រ្ដី នៅតាមគ្រឹះស្ថានរបស់ខ្លួន។

លោក ហេង សារិទ្ធ បានបន្ថែមថា ការប្រាស់បង្គន់មានអនាម័យនៅតាមសាលាបានត្រឹមត្រូវធ្វើឲ្យស្រ្តីមានសុខភាពល្អ ហើយអ្នកគ្រូត្រូវតាមដានត្រួតពិនិត្យចំពោះសិស្សស្រី ពេលមានរដូវការត្រូវ​យកចិត្តទុកដាក់​ជួយពួកគាត់។ ចំពោះគ្រឹះស្ថានទាំងអស់ត្រូវកសាងបន្ទប់ទឹកឲ្យបានច្រើនដើម្បីកុំឲ្យមានកកស្ទះនិងចូលរួមសំអាតឲ្យបានស្អាតជាប្រចាំជៀស​វាងឆ្លងជំងឺផ្សេងៗ។

លោក ហូរ ស៊ីវុទ្ធី អនុប្រធានការិយាល័យសុខភាពសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានលើកឡើងថា គោលបំណង នៃការសាងសង់បង្គន់អនាម័យ និងបង្គន់នោមបុរសនេះ គឺជាអទិភាព​គោលនយោបាយ​ជាតិ ស្ដីអំពីការលើកកម្ពស់សុខភាពសិក្សា នៅក្នុងនោះការសាងសង់បង្គន់អនាម័យ គឺជារឿងមួយចាំបាច់សំខាន់ក្នុងការកាត់បន្ថយអត្រា នៃការបោះបង់ការសិក្សារបស់សិស្សស្រី នៅក្នុងគ្រឹះស្ថានសិក្សា ជាពិសេសនៅមធ្យមសិក្សា ដោយសាតែនៅមធ្យមសិក្សា ជាពេលវេលាមួយដែលក្មេងមានរដូវដូច្នេះត្រូវការប្រើប្រាស់នូវបន្ទប់ទឹកដែលមានអនាម័យដែលស្អាតហើយមានទឹកប្រើប្រាស់។

លោកបន្តថា ការដែលយើងសាងសង់បន្ទប់នោមប្រុសជួយកាត់បន្ថយភាគរយសិស្សប្រុស ហើយក្រសួងអប់រំ ក៏មានតួនាទីសំខាន់ណាស់ ត្រួតពិនិត្យតាមដានពីការលើកកម្ពស់ជាប្រចាំ​គោលបំណង​ដែលកើតឱ្យមានការបង្កើតកាសាងសង់បង្គន់អនាម័យនេះតាមរយៈលោកស្រី ហ៊្សូស៊ី រ៉ាឆែល ដែលគាត់ជាអ្នកបង្កើតនៅគម្រោង Running Water Project ដើម្បីជួយ តាមរយៈការរៃអង្គាសថវិកា ពីមិត្តភក្តិ​ក្នុងប្រទេសអូស្ត្រាលី និងអង្គការដៃគូផ្សេងៗដែលគាត់បានស្គាល់ ធ្វើការជាមួយប្រទេសអូស្ត្រាលី ដើម្បីមកជួយក្នុងការអភិវឌ្ឍ ក៏ដូចជាលើកកម្ពស់សុខភាពសិក្សា តាមរយៈការសាងសង់ និងកែលម្អបង្គន់អនាម័យ ហើយនិងបន្ទប់ទឹកប្រុស ចៀសផុតពីជំងឺផ្សេងៗ ពេលដែលប្រើប្រាស់បន្ទប់ទឹក ។

លោកបញ្ជាក់ថា Running Water Project គឺបង្កើនលទ្ធផលសិក្សារបស់សិស្សតាមការធ្វើឱ្យប្រសើរឡើងនូវបរិក្ខារលាងសម្អាត ការលាងសម្អាតដៃ បង្គន់អនាម័យស្រ្ដី និងបង្គន់នោមបុរសតាមសាលារៀន ជាពិសេសកាត់បន្ថយបញ្ហាអវត្តមានសិស្សស្រី​អំឡុងពេលមានរដូវ។

ជាមួយគ្នានេះលោកស្រីនាយការ និងសិស្សានុសិស្សវិទ្យាល័យកំពង់ធំ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដោយទទួលបាននូវបន្ទប់ទឹកសម្រាប់ប្រើប្រាស់បន្ថែមទៀត ដើម្បីសុខភាពសម្រាប់មនុស្សគ្រប់រូប និងបានថ្លែងអំណរគុណចំពោះលោកស្រី ហ៊្សូស៊ី រ៉ាឆែល ជាអ្នកបង្កើតនៅគម្រោង Running Water Project សប្បុរសជនដែលតែងតែជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈថវិកា ដល់សាលារៀន និងសំណូមពរដល់សប្បុរសជន ឲ្យជួយដល់សាលាបន្ថែមទៀត​ពីព្រោះសាលានៅមានការខ្វះខាត៕