(ភ្នំពេញ)៖ មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៥ បានចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សុខដុមនៃភាពចម្រុះ» ដោយរៀបចំនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រាជធានីភ្នំពេញ។ មហោស្រពនេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌កម្ពុជា និងជប៉ុន ក៏ដូចជាដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និងជប៉ុន ផងដែរ។

ខណៈពិធីបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៥ បានធ្វើឡើងក្រោមវត្តមានលោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស, លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា,លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយស ជាច្រើនរូបទៀត។

លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ឆ្នាំ២០២៥ គឺជាសក្ខីភាពនៃចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងកម្ពុជានិងជប៉ុន។ ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ត្រូវបានកសាងឡើងតាមរយៈការគោរពគ្នាទៅវិញទៅមក ការជឿ ទុកចិត្តគ្នា និងការកោតសរសើរយ៉ាងស៊ីជម្រៅចំពោះវប្បធម៌របស់គ្នាទៅវិញទៅមក។ ច្រើនឆ្នាំមកនេះ ចំណងវប្បធម៌របស់យើង ត្រូវបានពង្រឹង ជំរុញការយល់ដឹងកាន់តែទូលំទូលាយ និងភាពជាដៃគូ ប្រកបដោយអត្ថន័យក្នុងវិស័យនានា។

បើតាមលោក អ៊ូអិណុ អាត់ស៊ូស៊ី បានលើកឡើងថា សម្រាប់មហោស្រពគីហ្សូណា២០២៥ បានជ្រើសប្រធានបទថា «សុខដុមនៃភាពចម្រុះ»។ ក្នុងន័យ នេះ យើងនឹងទទួលយកបទពិសោធន៍រួមគ្នា នូវសុខដុមភាព សោភ័ណភាព រវាងវប្បធម៌ចម្រុះគ្នានៃប្រទេសទាំងពីរ ជប៉ុន និងកម្ពុជា ហើយខ្ញុំក៏រង់ចាំចូលរួមទទួលយកបទពិសោធន៍នេះជាមួយគ្នាផងដែរ។

«ការផ្លាស់ប្តូរវប្បធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សាភ្ជាប់ប្រជាជន និងប្រជាជន លើកកម្ពស់ការយល់ដឹង ក៏ដូចជាភាពចម្រុះរបស់ប្រជាជន។ ការផ្លាស់ប្តូរវប្បធម៌មិនត្រឹមតែភាពស៊ីជម្រៅនៃការគោរពប្រពៃណីគ្នា ទៅវិញទៅមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការត្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យ ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ និងវិស័យនានាផ្សេងៗ។ តាមរយៈការអបអរសាទរបេតិកភណ្ឌវប្បធម៌ រួមគ្នា យើងបានពង្រឹងចំណងមិត្តភាពដែលតភ្ជាប់ប្រជាជាតិយើងទាំងពីរ»។ នេះជាការលើកឡើងរបស់ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បានបន្ថែមថា មូលបទនៃមហោស្រពឆ្នាំនេះ «សុខដុមនៃភាពចម្រុះ» រំឭកយើងអំពីភាពស្រស់ស្អាតនៃភាពខុសគ្នារបស់ក៏ ដូចជាភាពខ្លាំងនៃការរួបរួមរបស់យើង។ ការអបអរសាទរថ្ងៃនេះ បានបង្ហាញអំពីភាពខ្លាំងនៃការផ្លាស់ប្តូរវប្ប ធម៌ ដែលជាការជំរុញមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ចំណែកលោក សាមីឌី ស៊ីវឌ្ឍនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នករៀបចំព្រឹត្តិការណ៍ដែលបានរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យនេះ ដើម្បីលើកតម្កើងចំណងមិត្តភាពប្រជាជន និងប្រជាជនដែលមិនចេះរីងស្ងួត និងដើម្បីអបអរសាទររួមគ្នាពិធីបុណ្យ KIZUNA ជប៉ុន-កម្ពុជា ឆ្នាំ២០២៥។ យប់នេះសូមបើកការចងចាំជាមួយគ្នាសម្រាប់ជំពូកថ្មី បណ្តុះទំនាក់ទំនងសង្គមរបស់យើង រីករាយគ្រប់ពេល ដោយបង្កើតអារម្មណ៍នៃតុល្យភាព និងឯកភាពក្នុងទិដ្ឋភាពផ្សេងៗនៃជីវិត មិនថាក្នុងតន្ត្រី សង្គម សិល្បៈ សុខុមាលភាពផ្ទាល់ខ្លួន។

លោកបានបន្ថែមថា៖ «មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ជាភាពខ្លាំងនៃភាពចម្រុះគឺជាជួរដ៏ធំទូលាយនៃអន្តរវប្បធម៌វិជ្ជមាន ពីព្រោះវារួមចំណែកយ៉ាងធំធេងដល់ការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងមិត្តភាពដ៏ល្អរបស់យើង។ លើសពីនេះ ព្រឹត្តិការណ៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា និងជំរុញការផ្លាស់ប្តូររវាងប្រជាជនជប៉ុន និងកម្ពុជាក្នុងវិស័យវប្បធម៌ និងអប់រំ ជាពិសេស»។

នៅក្នុងមហោស្រពដែលមានរយៈពេល ៤ថ្ងៃនេះ មានសកម្មភាពជាច្រើនទាំងកម្សាន្ត និងការអប់រំ ដែលក្នុងនោះមានដូចជា ការប្រគល់រង្វាន់ដល់បេក្ខជនជ័យលាភីប្រចាំឆ្នាំ២០២៤ បទបង្ហាញ និងការចែករំលែកស្តីពីកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំនៅប្រទេសជប៉ុន សិក្ខាសាលា «ពេជ្រក្នុងថ្ម» ការចែករំលែកពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន បទបង្ហាញអំពីការសិក្សានៅប្រទេសជប៉ុន ឆ្នាំ២០២៥ ដែលណែនាំពីជំនាញ និងសាកលវិទ្យាល័យ និងកម្មវិធីចែករំលែក ព្រមទាំងសិក្ខាសាលាផ្សេងទៀតជាច្រើនដែលមានសារសំខាន់សម្រាប់យុវជន។

បន្ថែមពីនេះ ព្រឹត្តិការណ៍នេះក៏មានកម្មវិធីជាច្រើនដូចជាជាសិក្ខាសាលា បឋកថា និងពិព័រណ៍សិល្បៈ វប្បធម៌ អប់រំ ម្ហូបអាហារ សាកល្បងស្លៀកសំលៀកបំពាក់ជប៉ុនយូកាតា បង្កើតកាតបុស្តិ៍របស់អ្នកពី Oshibanaទៅកាន់ប្រទេសជប៉ុន និងការសរសេរអក្សរផ្ចង់ ការជជែកពីបទពិសោធន៍ទទួលបានអាហារូបករណ៍ជប៉ុន ពិព័រណ៍សម្លៀកបំពាក់ឡូលីតា និងមានកម្មវិធីជាច្រើនទៀត។

អ្វីដែលពិសេសជាងនេះទៅទៀត មហោស្រពគីហ្សូណា មានការបង្ហាញទស្សនីយភាពរបាំ ព្រមទាំង ល្ខោនខោល រឿងរាមកេរ្តិ៍ ត្រង់ឈុត «អង្គទ និងហនុមាន បំផ្លាញពិធីទប់ទឹករបស់កុម្ភកាណ៍»។ គួរបញ្ជាក់ថា មហោស្រពគីហ្សូណា ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១២ ដើម្បីជំរុញការផ្លាស់ប្តូររវាងជប៉ុន និងកម្ពុជា លើវិស័យវប្បធម៌ និងអប់រំ។ តាំងពីពេលនោះមកមហោស្រពនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយមានចំនួនអ្នកចូលរួមច្រើនកុះករ៕