រដ្ឋមន្ដ្រីបរិស្ថាន ប្រកាសជំហរថា ការដោះស្រាយបញ្ហាដីធ្លី ត្រូវឈរលើគោលការណ៍ច្បាប់ បទដ្ឋានបច្ចេកទេស និងតម្កល់ប្រយោជន៍ពលរដ្ឋជាធំ
24-10-2016 13:51
(ព្រះសីហនុ)៖ លោក សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បានបញ្ជាក់នូវជំហរ ក្នុងការដោះស្រាយបញ្ហាដីធ្លីថា ត្រូវឈរលើគោលការណ៍ច្បាប់ បទដ្ឋានបច្ចេកទេស គោលនយោបាយរបស់រាជរដ្ឋាភិបាល និងតម្កល់ផលប្រយោជន៍ ប្រជាជនក្នុងមូលដ្ឋានជាធំ។
ការប្រកាសជំហរ បែបនេះរបស់លោករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ ខណៈដែលលោក បានដឹកនាំកិច្ចប្រជុំ ស្ដីពីការងារដោះស្រាយ បញ្ហាដីធ្លី ក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ដែលស្ថិតក្នុងភូមិសាស្ត្រឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យតាមដានដំណើរការវាស់វែង និងកំណត់អត្តសញ្ញាណក្បាលដីប្រជាពលរដ្ឋ ដែលបាននិងកំពុងរស់នៅ ព្រមទាំងអាស្រ័យផលលើដី ដែលមានផលប៉ះពាល់ ក្នុងតំបន់វិនិយោគអភិវឌ្ឍន៍។
លោក សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាលាខេត្តព្រះសីហនុ ដែលមានឆន្ទៈច្បាស់លាស់ និងមានភាពស្មោះត្រង់ក្នុងការដោះស្រាយបញ្ហាដីធ្លី ដែលនៅសេសសល់។
ក្រោយពីប្រមូលផ្ដុំនូវមតិយោបល់ពីសំណាក់តំណាងក្រសួង ស្ថាប័ន ក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត អភិបាលស្រុក មន្ទីរជំនាញជុំវិញខេត្ត និងមេឃុំពាក់ព័ន្ធ លោករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការដោះស្រាយបញ្ហា ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបន្តនីតិវិធី និងដាក់ជូនគណៈកម្មាធិការជាតិ ដោះស្រាយទំនាស់ដីធ្លី ពិនិត្យ និងសម្រេចតាមគោលការណ៍ របស់រាជរដ្ឋាភិបាល៕