(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ លើការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម។
នៅក្នុងសេចក្តីណែនាំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថា ថ្មីៗនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា មានអ្នកនិពន្ធ សិល្បករ សិល្បការិនីជាច្រើន បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិជ្ជមាន ដើម្បីលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិដែលជាកាយវិការមួយគួរឱ្យគោរព និងកោតសរសើរជាខ្លាំង។ ជាមួយគ្នានេះដែរ ក៏នៅមានអ្នកសិល្បៈនិងបុគ្គលដែលល្បីមួយចំនួនក្នុងបណ្តាញសង្គម ដែលឈរលើមូលដ្ឋានសិល្បៈវប្បធម៌ជាគោល បានធ្វើការតែងនិពន្ធ ច្រៀងបទចម្រៀង ឬ ស្នាដៃសិល្បៈមួយចំនួន ដែលមានបង្កប់ខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌ និងសេចក្តី ថ្លៃថ្នូរសង្គម ដែលបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ។
ក្នុងន័យនេះ ដើម្បីបញ្ចៀសបាននូវផលប៉ះពាល់ និងដើម្បីរក្សាបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូរ ក្នុងសង្គម ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ក៏ដូចជាសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់តិចក្តីច្រើនក្តីលើសង្គមជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំដល់អ្នកសិល្បៈ និងបុគ្គលដែលប្រើប្រាស់បណ្តាញសង្គមឈរលើមូលដ្ឋានសិល្បៈវប្បធម៌ សូមបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមាន ដែលបង្ហោះផ្សព្វផ្សាយក្នុងបណ្តាញសង្គម នាពេលកន្លងមក។
ក្រសួងក៏បានអំពាវនាវដល់បុគ្គលដែលធ្វើអាជីវកម្មក្នុង បណ្តាញសង្គម សូមបញ្ឈប់សកម្មភាពចែកចាយបន្ត ឬធ្វើអធិប្បាយ បញ្ចេញបញ្ចូលបន្ថែមលើស្នាដៃអវិជ្ជមានទាំងនោះ ក្នុងគោលបំណងជំរុញបញ្ហាឱ្យកាន់តែក្តៅ ដើម្បីប្រយោជន៍លាភសក្ការៈរបស់ខ្លួន។
«ក្រសួងនឹងសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធនានា ដើម្បីចាត់វិធានការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ នូវសកម្មភាពអវិជ្ជមានខាងលើនេះ ស្របតាមបទប្បញ្ញត្តិនិងនីតិវិធីនានាដែលមានជាធរមាន»។ នេះបើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្ឃឹមនិងជឿជាក់ថា អ្នកសិល្បៈ និងបុគ្គលដែលល្បីនានាដែល ប្រើប្រាស់សិល្បៈវប្បធម៌ជាគោល ព្រមទាំងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងឡាយ នឹងចូលរួមសហការអនុវត្តតាមសេចក្តីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីភាពថ្លៃថ្នូរនៃសង្គមជាតិយើង៕