(ភ្នំពេញ)៖ កម្ពុជានាំចេញអង្ករសម្រេចបានចំនួន ៥៩ ០៨៦តោន ទទួលបានចំណូលចំនួន៤៨.០៣លានដុល្លារ ក្នុងរយ:ពេល១ខែ នៃឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា «ក្នុងរយៈពេល១ខែដំបូង នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន៥៩ ០៨៦តោន សម្រេចបាន ៤៨.០៣លានដុល្លារអាមេរិក តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៣៩ និងនាំចេញទៅកាន់គោលដៅចំនួន៤៥គោលដៅ»។

ក្នុងនោះក៏បាននាំទៅកាន់បណ្តាប្រទេស នៅក្នុងតំបន់អឺរ៉ុបចំនួន២៣ បានបរិមាណអង្ករចំនួន៣៦ ៧១៤ តោន គិតជាទឹកប្រាក់ចំនួន២៩.៧៩លានដុល្លារសហរដ្ឋអាមេរិក, បាននាំចេញទៅកាន់ប្រទេសចិន និងហុងកុងចំនួន៣ ៧៧២តោន គិតជាទឹកប្រាក់ចំនួន២.៥៦ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន៤ប្រទេស បានបរិមាណចំនួន៩ ៤១៣តោន គិតជាទឹកប្រាក់ចំនួន ៧.៣១លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ១៦ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក, មជ្ឈឹមព៌ា, អាមេរិក, កាណាដា, អូស្ត្រាលី, ញ៉ូហ្សេឡេន បានចំនួន៩ ១៨៧តោន គិតជាទឹកប្រាក់ចំនួន ៨.៣៧ លានដុល្លារសហរដ្ឋអាមេរិក។

ក្នុងនោះចំពោះប្រភេទអង្ករ ដែលបាននាំចេញរួមមាន៖ អង្ករក្រអូបចំនួន៩៣.០១%, ប្រភេទអង្ករស ធម្មតា.៩៣%, អង្ករចំហ៊ុយ២.៣១%, អង្ករសរីរាង្គចំនួន១.៤២% និងអង្ករផ្សេងៗចំនួន០.៣៣% ។

នៅខែមករា ឆ្នាំ២០២៥ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៦១៩ ៤៨៩តោនស្រូវសើម ដែលគិតជាទឹកប្រាក់ បានប៉ាន់ប្រមាណ ១៣៩.៣៨ លានដុល្លារសហរដ្ឋអាមេរិក៕